ទើបចេញ​អនុក្រឹត្យ​ម្សិលមិញ! ថ្ងៃនេះ​អភិបាល​ខេត្ត​ព្រះសីហនុ​ចេញវិធានការ​បិទខ្ទប់​មុនគេបង្អស់

  • 2021-04-01 02:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១នេះ លោក គួច ចំរើន អភិបាល​នៃគណៈអភិបាល​ខេត្តព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​វិធានការ​បិទខ្ទប់​ជាបណ្តោះអាសន្ន​ចំពោះ​ទីតាំង​មួយផ្នែក​នៃតំបន់​ទំនប់​រលក ដែល​កំពុងមាន​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ។

ការបិទខ្ទប់​តំបន់​ទំនប់​រលកមួយផ្នែក (ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ជាបន្ទាន់ ចាប់ពីមាត់​សមុទ្រ​ដល់​ផ្លូវរថភ្លើង ដោយ​កំណត់​បិទចាប់​ពីមុខស្នាក់​ការ​កងរាជអាវុធហត្ថទំនប់​រលក រហូតដល់​ផ្លូវឡើងទៅ​រោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយ​មិនអនុញ្ញាតឱ្យ​មានការចេញចូលតំបន់នោះបន្តទៀតឡើយ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុងតំបន់​នោះ អាចធ្វើដំណើរ​ដោយថ្មើរជើង​ដើម្បីទិញម្ហូប សម្ភារប្រើប្រាស់ចាំបាច់ នៅផ្សារក្នុងភូមិ ដោយ​អ្នកលក់​ និងអ្នកទិញ ត្រូវពាក់ម៉ាស់ បាញ់អាកុល​ ឬជែល សម្លាប់​មេរោគ និងរក្សាគម្លាតសុវត្ថិភាព។

សូម​ជម្រាប​ថា ការ​ចេញ​វិធានការខាងលើ​ធ្វើឡើង​១ថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩ និងជំងឺឆ្លង​កាចសាហាវ​ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១។

មាត្រា៩ នៃអនុក្រឹត្យនេះចែងថា៖ «រាល់​ការ​ធ្វើដំណើរ​ចេញ-ចូលភូមិសាស្រ្តនៃតំបន់ ឬទីកន្លែង​ដែលត្រូវបានបិទខ្ទប់ អាចត្រូវបានហាមឃាត់​លើកលែង​តែការធ្វើដំណើរ​ដើម្បីបំពេញ​មុខងារ​ក្នុងការ​ផ្តល់​សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈ​ចាំបាច់ និង​បន្ទាន់ ឬសេវា​ដឹកជញ្ជូន​ទំនិញ និងករណី​ចាំបាច់​ផ្សេងទៀត​ដោយមាន​ការអនុញ្ញាតពី​អាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់​ថា ការដាក់​ចេញ​វិធានការ​បិទខ្ទប់រាជធានី ឬខេត្ត និង​ការដាក់ចេញវិធាន​ការរដ្ឋបាល​ផ្សេងទៀតដែលមាន​វិសាលភាព​អនុវត្តលើសពីដែនដី​នៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាព​អនុវត្ត​នៅទូទាំងប្រទេស​ ត្រូវធ្វើឡើង​តាមសេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។

ចំណែក​វិធានការ​រដ្ឋបាល​ណាមួយ​ដែលមានវិសាលភាព​អនុវត្តសម្រាប់​​ផ្នែក​ខ្លះ ឬទីកន្លែង​ខ្លះ​ក្នុងដែនដី​នៃរាជធានីខេត្ត​ ឬមាន​វិសាលភាព​អនុវត្ត​ទូទាំង​រាជធានី​ ឬខេត្តរបស់ខ្លួន​ដែលមានការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ គឺត្រូវបាន​ផ្តល់សមត្ថកិច្ច​ឱ្យ​គណៈអភិបាលរាជធានីខេត្ត ជាអ្នកសម្រេចដាក់ចេញ៕

អត្ថបទថ្មី
;