សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​បន្ថែមដើម្បីពង្រឹងលទ្ធភាព​ត្រៀម​បង្ការនិង​ឆ្លើយតប​នឹង​គ្រោះអាសន្ន​នៅកម្ពុជា

  • 2021-04-01 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​របស់​ខ្លួន​ដែល​ហៅកាត់​ថា USAID បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងផ្តល់​ជំនួយចំនួន ៨៧ម៉ឺន ៥ពាន់ដុល្លារ បន្ថែមទៅ​លើជំនួយ​មនុស្សធម៌​របស់​ខ្លួន ដើម្បីពង្រឹង​លទ្ធភាព​​ត្រៀមបង្ការ​ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានា​នៅកម្ពុជា។ នេះបើយោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកចេញងៃទី ០១ ខែមេសាឆ្នាំ ២០២១នេះ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា​មាន​ប្រសាសន៍​ថា ការបំផ្លិចបំផ្លាញបង្ក​ឡើង​ដោយ​​ទឹកជំនន់​ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុង​ការ​ត្រៀមខ្លួន​ដោះស្រាយ​ទៅលើ​ផលប៉ះពាល់​នៃគ្រោះមហន្តរាយធម្មជាតិ។ យើងមានមោទនភាព​ក្នុង​ការ​​ចូលរួមចំណែកកែលម្អ​ប្រព័ន្ធ​ឆ្លើយ​តបនឹងវិបត្តិ​ទាំងនេះ​​នៅ​​កម្ពុជា។

ទឹកជំនន់លិចផ្ទះប្រជាជននៅជាយរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩កន្លងទៅ
ថវិកា​ដែល​ទទួល​​បាន​ពីការិយាល័យ​​ជំនួយមនុស្សធម៌​របស់ទីភ្នាក់ងារ USAID នេះ​ នឹងផ្ដល់​លទ្ធភាព​​ឱ្យ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែម​ទៅលើ​គម្រោង​ស្ដីពី «ការច្នៃប្រឌិតថ្មីដើម្បី​​ត្រៀមបង្ការនិងឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដោយ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ»ដែលទីភ្នាក់ងារ USAID បាន​គាំទ្រតាំងពី​​ឆ្នាំ២០១៩ រហូត​ដល់ខែ​មីនា​ ឆ្នាំ២០២២ ។
ទឹកជំនន់លិចផ្ទះប្រជាជននៅជាយរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩កន្លងទៅ

លោក​ស្រី Claire CONAN តំណាងកម្មវិធី​ស្បៀងអាហារពិភពលោក មានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែម​ដល់ប្រទេសកម្ពុជាដែល​​ប្រឈមនឹងវិបត្តិ​អាកាសធាតុ​ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត»។

ជំនួយនេះនឹងជួយដល់​ដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការ​មនុស្សធម៌​នៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួន​​និងឆ្លើយតប​ចំពោះ​វិបត្តិ​ទាំងនេះ ដោយ​ប្រើប្រាស់ព័ត៌មាន​ដើម្បី​ចាត់​សកម្មភាព ​និងបង្កើន​​កិច្ចសម្របសម្រួល​ការងារ​​​មនុស្សធម៌​​បានទាន់ពេលវេលា​។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក​ ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

កម្មវិធីស្បៀងអាហារពិភពលោក​នឹងប្រើ​ជំនួយ​បន្ថែម​នេះ​​ដើម្បីពង្រឹង​សមត្ថភាព​ដៃគូ​រដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការ​មនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការសម្របសម្រួល បច្ចេកវិទ្យា និង​ឧបករណ៍​នានា​​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងហានិភ័យ​នៃគ្រោះមហន្តរាយ។

ក្រោម​កិច្ច​សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិង​វិទ្យាសាស្ត្រ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹងពង្រឹង​​ប្រព័ន្ធព័ត៌មាន​សម្រាប់​គ្រប់គ្រងគ្រោះមហន្តរាយជាតិ​ដែលមានស្រាប់ ដែលមានឈ្មោះថាប្រព័ន្ធព័ត៌មាន​​​ទាន់ហេតុការណ៍​និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ (​ហៅ​កាត់ថា PRISM) ដោយកែលម្អ​​សមត្ថភាព​តាមដានគ្រោះវិបត្តិ​​អាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់​​ទៅលើប្រជាជន និងកំណត់​គោលដៅ​ផ្ដល់​ជំនួយបន្ទាន់​ដល់កន្លែងដែលត្រូវការជំនួយ​បំផុត។

ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងគាំទ្រដល់ប្រព័ន្ធប្រកាស​អាសន្ន​ជាមុន​អំពី​ទឹកជំនន់ គឺ ប្រព័ន្ធ​EWS1294 ដើម្បី​ជួយពង្រីកវិសាលភាព ​និងពង្រឹងសមត្ថភាព​មន្រ្តីមូលដ្ឋាននិងសហគមន៍​ដែលរង​ហានិភ័យ​ ដោយប្រើប្រាស់ព័ត៌មាន​ដើម្បី​សង្គ្រោះអាយុជីវិត។

កម្មវិធីស្បៀងអាហារពិភពលោក​ក៏នឹងបន្តគាំទ្រដល់​វេទិកាឆ្លើយតបជំនួយមនុស្សធម៌ (HRF) ដែលជាវេទិកាពហុវិស័យនិង​ចម្រុះស្ថាប័ន​ដែលសម្របសម្រួលសកម្មភាពត្រៀមបង្ការ​និង​ឆ្លើយតប​ទៅនឹង​គ្រោះ​អាសន្ន​ក្នុងចំណោមភាគីអនុវត្តការងារ​​មនុស្សធម៌ ដើម្បីរួមចំណែក​ដល់​សកម្មភាព​ថ្នាក់ជាតិ​ដែល​ដឹកនាំដោយរាជ​រដ្ឋាភិបាល៕

អត្ថបទថ្មី
;