ដឹងចំនួនយានយន្តដែលសមត្ថកិច្ចឃាត់ទុក គិតត្រឹមព្រឹកថ្ងៃទី ៥មេសានេះ

  • 2021-04-05 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយអភិបាលរាជធានីភ្នំពេញចេញវិធានការ ផ្អាកចរាចរណ៍ និងការជួបជុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺដែលចាប់អនុវត្តន៍ចាប់ថ្ងៃទី១ ដល់១៤ ខែមេសា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៤ខែមេសានេះសមត្ថកិច្ចដែលចុះអនុវត្តន៍ប្រតិបត្តិការនេះបានឃាត់យានយន្តមករក្សាទុកបានចំនួនសរុប ១៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងឡាន ២៧គ្រឿង។

សមត្ថកិច្ចចុះអនុវត្តន៍បម្រាមគោចរនៅស្តុបអាងទឹកអូឡាំពិកនៅយប់ថ្ងៃទី២ មេសាឆ្នាំ២០២១កន្លងទៅ
ឆ្លើយប្រាប់ sabay តាមទូរសទ្ទនៅព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា «សេចក្តីសម្រេចបម្រាមគោចរដែលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ មេសា បើគិតត្រឹមថ្ងៃនេះការអនុវត្តន៍មាន រយ:ពេល៤ថ្ងៃ ប៉ុន្តែជាក់ស្តែងថ្ងៃទី១យប់ដំបូងយើងគ្រាន់តែធ្វើការចុះផ្សព្វផ្សាយណែនាំអប់រំទេ អ៊ីចឹងមានន័យថាយើងអនុវត្តន៍ធ្វើការចាប់យានយន្តនោះមាន៣ថ្ងៃគឺនៅយប់ថ្ងៃទី២ ទី៣ និងទី៤ គិតរយ:ពេល៣យប់នេះយើងបានឃាត់យានយន្តបានសរុបចំនួន ១៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងឡាន ២៧គ្រឿង»។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រូបថត៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកបន្តថា យប់ថ្ងៃទី២ឃាត់បាន ៧៣គ្រឿង យប់ថ្ងៃទី៨២គ្រឿង និងយប់ទី៤មានការថយចុះច្រើនគឺមានតែ១០គ្រឿងទេ។ សម្រាប់ម្ចាស់យានយន្តដែលសមត្ថកិច្ចឃាត់យកទៅរក្សាទុកនោះត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃរួចទើបមានសិទ្ធទៅយកយានយន្ត របស់ខ្លួនដែលសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញវិញបាន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;