ស្រក៦៥គីឡូ ដោយប្ដូរពីញ៉ាំអាហារ៣ពេល ទៅជា៦ពេលក្នុង១ថ្ងៃ
- 2021-04-08 08:04:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក៦៥គីឡូ ដោយប្ដូរពីញ៉ាំអាហារ៣ពេល ទៅជា៦ពេលក្នុង១ថ្ងៃ
ចន្លោះមិនឃើញ
"ញ៉ាំមិនមែនតែពេលខ្ញុំពិបាកចិត្តនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំសប្បាយចិត្តផងដែរ" នេះជាការលើកឡើងរបស់បុរសម្នាក់ឈ្មោះ Brian Brister ដែលមានទម្លាប់ចូលចិត្តញ៉ាំអាហារច្រើន។ ព្រោះតែញ៉ាំអាហារច្រើនទើបទម្ងន់របស់ Brister ចេះតែកើនឡើងទៅៗ រហូតដល់លោកធាត់ខ្លាំងមានទម្ងន់ ១៥០គីឡូក្រាម នៅត្រឹមអាយុ ៣០ឆ្នាំប៉ុណ្ណោះ។
Brister បានខិតខំរកវិធីសម្រកទម្ងន់ជាច្រើនមកអនុវត្ត ប៉ុន្តែគ្មានមួយណាប្រើជាការបានសម្រេចឡើយ។ ចុងក្រោយ លោកបានជួបជាមួយគ្រូបង្វឹកផ្នែកសុខភាពរាងកាយម្នាក់ ហើយបានទទួលការណែនាំមួយដ៏មានប្រសិទ្ធភាពក្នុងការសម្រកគីឡូ។ វាមិនមែនជាការផ្ដោតសំខាន់លើការធ្វើលំហាត់ប្រាណឡើយ តែវាគឺជាការផ្លាស់ប្ដូររបបអាហារទៅវិញ។ Brister បានប្រែពីការញ៉ាំអាហារចំនួន៣ពេលក្នុង១ថ្ងៃទៅជាការញ៉ាំអាហារចំនួន ៦ពេលក្នុង១ថ្ងៃ។ ស្ដាប់ទៅដូចចម្លែកណាស់មែនទេ?
បើតាមពិតទៅ កាលពីមុន Brister មានទម្លាប់ចូលចិត្តញ៉ាំអាហារច្រើន ហើយញ៉ាំតែសាច់អត់បន្លែ។ វិធីសម្រកទម្ងន់ថ្មីរបស់ Brister គឺប្ដូរទៅរបបអាហារសុខភាព ហើយត្រូវញ៉ាំឲ្យបានច្រើនដងក្នុង១ថ្ងៃៗ។ អាហារទាំង៦ពេលរបស់លោក ត្រូវបែងចែកដូចជា៖
៥ពេលជាអាហារដែលសម្បូរដោយសារជាតិចិញ្ចឹមចម្រុះគ្នា ហើយមានការបែងចែកក្នុងបរិមាណយ៉ាងត្រឹមត្រូវ (បន្លែ ផ្លែឈើ ត្រី...)
១ពេលជាអាហារប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ ហើយនិងបន្លែចំនួន៣មុខ
បន្ថែមពីរបបអាហារខាងលើ Brister ក៏បានចាប់ផ្ដើមផឹកទឹកឲ្យបានច្រើនជាងមុនផងដែរ។
មុនដំបូងឡើយ វិធីនេះមានភាពលំបាកចំពោះ Brister ដែលជាមនុស្សមិនសូវទទួលទានផ្លែឈើ និងបន្លែ។ យ៉ាងណាមិញ យូរៗទៅ លោកបានប្រែជាចូលចិត្តនិងមានទម្លាប់រកវិធីថ្មីៗនៅក្នុងការចម្អិនម្ហូបអាហារសុខភាព ក៏ដូចជាស្វែងយល់ពីប្រភេទបន្លែថ្មីៗដើម្បីញ៉ាំ។
ពាក់ព័ន្ធនឹងលំហាត់ប្រាណវិញ Brister ក៏បានអនុវត្តស្របគ្នាខ្លះៗដែរ ដូចជា ការរត់ និងការអាវង ជាដើម។
នៅក្នុងរយៈពេល១២ខែបន្ទាប់ពីប្ដូរទម្លាប់ថ្មី Brister អាចសម្រកទម្ងន់បានជាង ៦៥គីឡូក្រាមឯណោះ។ លោកបាននិយាយថា ការដែលអាចស្រកគីឡូបានគឺជារឿងអស្ចារ្យណាស់សម្រាប់ជីវិត ហើយលោកមានអារម្មណ៍ថាខ្លួនប្រៀបដូចជាមនុស្សថ្មីផ្សេងទៀត ដែលមានភាពស្រស់ស្រាយ កម្លាំងកំហែង និងស្មារតីមាំមួនជាងមុន៕