អង្គការ WHO ឃើញ​កូវីដ១៩ផ្ទុះខ្លាំងជាងមុន ទោះចាក់វ៉ាក់សាំង​បាន​ច្រើនទៅហើយក្តី

  • 2021-04-13 09:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ករណីឆ្លងកូវីដ១៩ និងចំនួនអ្នកស្លាប់ បាន​កើនឡើង​ខ្លាំង ក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះ បើទោះបីជាពិភពលោក​បានចាក់វ៉ាក់សាំងដល់ ៧៨០លានដូសទៅហើយក្តី និងថាវានៅវែងឆ្ងាយទៀតណាស់​ក្នុងការបញ្ចប់ជំងឺរាតត្បាតនេះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ WHO បានថ្លែង​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១ថា «នៅក្នុងខែមករា និងកុម្ភៈកន្លងទៅ ពិភពលោក​បាន​ឃើញការធ្លាក់ចុះករណីឆ្លង​កូវីដ១៩ ចំនួន៦សប្តាហ៍​ជាប់ៗគ្នា។ ឥឡូវនេះ យើងបែរជាឃើញ​កើនឡើង​ ៧សប្តាហ៍ចុងក្រោយ​ជាប់គ្នាទៅវិញ និងកើនឡើង​ចំនួនអ្នកស្លាប់ ៤សប្តាហ៍​ជាប់គ្នា។ ហើយ​កាលពីសប្តាហ៍មុន គឺ​មានចំនួន​អ្នកឆ្លងខ្ពស់បំផុត មិនធ្លាប់មាន។»

ស្ថានភាពបែបនេះ លោក​អគ្គនាយកបាន​ជំរុញ​ឱ្យបណ្តាប្រទេសទាំងអស់​បន្ត​ចាត់វិធានការសុខភាព​សាធារណៈដូចជា លាងដៃ គម្លាតសុវត្ថិភាព លាងដៃ ការនៅដាច់ដោយឡែក និងការយកសំណាក​រាល់អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺកូវីដ១៩ជាដើម។

លោកក៏បាន​បង្ហាញ​ការព្រួយបារម្ភដែរថា ប្រទេសមួយចំនួន​បាន​បើកភោជនីយដ្ឋាន ក្លឹប និងទីផ្សារឡើងវិញ ដោយសុទ្ធតែជាកន្លែងមានមនុស្សច្រើន ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែល​បាន​អនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;