ទើបធ្លាយរឿងតារាសម្ដែងភាពយន្តដ៏ល្បី ទិត្យ វិជ្ជរ៉ាដានី ទទួលទារុណកម្មសែនវេទនាណាស់ មុនស្លាប់!
- 2021-04-21 05:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបធ្លាយរឿងតារាសម្ដែងភាពយន្តដ៏ល្បី ទិត្យ វិជ្ជរ៉ាដានី ទទួលទារុណកម្មសែនវេទនាណាស់ មុនស្លាប់!
ចន្លោះមិនឃើញ
ដូចនឹងសិល្បករមួយចំនួន រួមនឹងប្រជាពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត តារាសម្ដែងដ៏ល្បី ទិត្យ វិជ្ជរ៉ាដានី បានបាត់បង់ជីវិតនៅក្នុងរបបអាវខ្មៅដ៏ព្រៃផ្សៃ។ យ៉ាងណានៅពេលនោះ មុនស្លាប់ តារាសម្ដែងរបស់យើងជួបហេតុការណ៍អាក្រក់បែបណា វេទនាប៉ុណ្ណា គ្មាននរណាដឹងទេ ដោយទើបតែបានគាស់កកាយឡើងវិញ ដោយក្រុមព្រះសុរិយានាពេលនេះប៉ុណ្ណោះ។
ក្រុមព្រះសុរិយា ដែលមានបេសកកម្មគាស់កាយអនុស្សាវរីយរបស់សិល្បករចាស់ៗនាទសវត្សរ៍ទី ៦០មកនោះ បានបញ្ចេញឲ្យដឹងថា ទិត្យ វិជ្ជរ៉ាដានី ទទួលរងទារុណកម្មវេទនាណាស់មុនត្រូវគេសម្លាប់។ ព័ត៌មាននេះ ក្រុមព្រះសុរិយា បានយោងលើប្រភពសំខាន់ៗមួយចំនួន។
ប្រភពទី១អ្នកស្រី សេង បុទុម តារាភាពយន្តមួយដួង ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានប្រាប់ក្រុមព្រះសុរិយាថា អ្នកស្រីបានជួបជាមួយ វិជ្ជរ៉ាដានី នៅថ្ងៃទី ១១ មេសា ១៩៧៥ ក្រោយពីកម្មវិធីសម្ដែងសិល្បៈនៅក្រុងប៉ៃលិន ដែលរៀបចំដោយលោក ពេជ្រ សាលឿន បញ្ចប់ដោយជោគជ័យ។
បន្តមក គ្រួសារសិល្បៈ១គូនេះបានធ្វើដំណើរតាមរថយន្តពីក្រុងប៉ៃលិន មកក្រុងបាត់ដំបង ហើយបានបន្តដំណើរដោយឧទ្ធម្ភាគចក្រក្រោមជំនួយរបស់ឯកឧត្តមអភិបាលខេត្តប៉ៃលិន មកចុះចតនៅត្រឹមខេត្តកំពង់ឆ្នាំង។ ព្រោះរដ្ឋធានីភ្នំពេញ ត្រូវពួកខ្មែរក្រហមផ្លោងគ្រាប់ចូលមិនដាច់គ្រាប់សោះ។ ដើម្បីចូលមករដ្ឋធានីបាន អ្នកទាំងពីរបានធ្វើដំណើរទាំងប្រថុយប្រថានតាមរថយន្តរបស់ទាហាន លន់ នុល ទើបមកដល់ផ្ទះដោយសុវត្ថិភាព។
បន្តមកទៀត លោក រម្យនី អតីតតារាសម្ដែងភាពយន្តមុនឆ្នាំ ១៩៧៥ ម្នាក់ដែរ បានថា លោកបានជួបជាមួយ វិជ្ជរ៉ាដានី មួយថ្ងៃគត់ ១៦ មេសា វេលាម៉ោង ៩យប់ ក្នុងវេលាថតភាពយន្តនៅក្នុងផ្ទះវីឡាមួយ។ ក្នុងឈុតនោះលោកត្រូវសម្ដែងជាមួយតារាស្រីតែម្ដង។ លោកថា ពេលអំឡុងពេលថត លោកបានលឺសំឡេងក្រោមផ្លោងល្វើយៗ ហើយអ្នកដឹកនាំបានសុំបន្តថតឈុតមួយទៀតរហូតដល់ម៉ោង៥ភ្លឺ ទើបលោក ពេជ្រ សាលឿន បានបើករថយន្តមកសុំយកភរិយាត្រឡប់ទៅវិញ ដោយសារលោកទទួលដំណឹងថា ខ្មែរក្រហម នឹងចូលកាន់កាប់រដ្ឋធានីភ្នំពេញនៅយប់នេះ ឬយូរបំផុតត្រឹមព្រឹកស្អែក។
បន្តពីនោះមក លោក រម្យន្នី លោកមិនបានជួបជាមួយតារាសម្ដែងភាពយន្តដ៏ល្បីនោះទៀតឡើយ។ ប៉ុន្តែតាមឯកសារមួយទៀតរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងសៀវភៅ "ជីវិតនៃជីវិត" ភាគទី២ ដែលកត់ត្រាពីជីវិតផ្ទាល់លោក បានរំលឹកថា នៅក្នុងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញពីរដ្ឋធានីភ្នំពេញ ១៧ មេសា ១៩៧៥។ លោក គង្គ ប៊ុនឈឿន បានឃើញ ទិត្យ វិជ្ជរ៉ាដានី និងស្វាមីដើរនៅព្រែកឯងជាមួយនឹងស្វាមី ព្រមទាំងកូនៗ ដែលអ្នកទាំងពីរកំពុងពរ និងដឹកដៃពួកគេ។
លុះល្ងាចបន្តិច លោកបានជួបអ្នកទាំងពីរម្ដងទៀត ក្នុងស្ថានភាពថ្មី ដោយពួកគេត្រូវបានតម្រូវឲ្យស្លៀកសំលៀកបំពាក់ខ្មៅរៀបចំដោយពួកខ្មែរក្រហមទៅហើយ។ ពេលនោះ ទិត្យ វិជ្ជរ៉ាដានី បាននិយាយមកកាន់កវីម្ចាស់ស្ទឹងថា "យើងគ្មានសង្ឃឹមថា បានវិលត្រឡប់ចូលមករដ្ឋធានីភ្នំពេញវិញឡើយ" និយាយរួច វិជ្ជរ៉ាដានី និងស្វាមី ក៏បានលាកវីម្ចាស់ស្ទឹងសង្កែចេញទៅ។
បន្តពីនោះ រហូតដល់ប្រមាណ១ឆ្នាំបន្ទាប់ គឺនៅ ១៩៧៦ ទើបមានគេបានជួប អតីតតារាសម្ដែងស្រីម្ដងទៀត នៅខេត្តបាត់ដំបង ដែលគេប៉ាន់ប្រមាណថា គូស្វាមីតារាភាពយន្តទាំងពីរ ត្រូវខ្មែរក្រហមឲ្យមករស់នៅតំបន់ថ្មី។ នៅដើមឆ្នាំ ១៩៧៧ អ្នកស្រី សេង បុទុម ដដែល ប្រាប់ថា លោកស្រី បានជួប វិជ្ជរ៉ាដានី ម្ដងទៀតនៅខេត្តបាត់ដំបងមែន។ ពេលនោះ តារាស្រី បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកនៅក្នុងខ្ទមជរាមួយ។
ជាមួយគ្នា ជាញឹកញយ លោកស្រី បានឃើញលោក ពេជ្រ សាលឿន ជាស្វាមី វិជ្ជរ៉ាដានី ធ្វើការនៅក្នុងការដ្ឋានក្នុងនាមជាទាសករដូចគ្នា។ បន្តមកទៀត ពាក់កណ្ដាលឆ្នាំក៏បាត់វត្តមានលោក ពេជ្រ សាលឿន ហើយវិជ្ជរ៉ាដានី ប្រែជាសតិមិនល្អ ក្រោយ។
ក្រោយមក យោងតាមសាក្សីប៉ុន្មាននាក់ទៀតដែលក្រុមព្រះសុរិយាបានជួបផ្ទាល់ បានប្រាប់ថា កំឡុងខែសីហា ១៩៧៧ មានគេប្រាប់ថា កងឈ្លបក្មេងៗចំនួន ៤-៥នាក់ បានមកបណ្ដើរអ្នកស្រីចេញទៅ។ ពេលនោះមានចចាមអារ៉ាមថា កងឈ្លបខ្មែរក្រហមទាំងនោះ យកអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ទៅរំលោភជាក្រុមហើយ សម្លាប់ចោលនៅជើងភ្នំ "ចោលចាប" ខេត្តបាត់ដំបង។
មិនត្រឹមប៉ុណ្ណឹង នៅមានព័ត៌មានដ៏ខ្លោចផ្សាថែមទៀត ដែលមិនដឹងថាការពិតកម្រិត បាននិយាយថា ពួកខ្មែរក្រហមទាំងនោះ បានជាសាច់សុដន់របស់អ្នកស្រីយកទៅឆាស៊ីថែមទៀតផង៕
ទិត្យ វិជ្ជរ៉ាដានី ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេនាអំឡុងចុងទសវត្សរ៍ទី៦០ និង ដើមសតវត្សរ៍ទី៧០ ដែលមានវង់ភក្ត្រស្រស់ផូរផង់ ថ្ពាល់ខួចទាំងសងប្រកបដោយស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្តែងយ៉ាងរស់រវើកសក្តិសមឥតខ្ចោះ។ នៅអាជីព អ្នកស្រីបានកសាងកេរ្តិ៍ឈ្មោះតាមរយៈភាពយន្តជាច្រើនដូចជា "រឿងលោហិតវាសនា" “អ្នកតាឃ្លាំងមឿង" "កាកី" "ស៊ីយិនគុយ" ឆ្នាំ១៩៦៧ និងរឿង "សោភិនីមាសបង" ជាដើម៕