កម្ពុជា កំពុងសិក្សាលទ្ធភាពទទួលភ្ញៀវបរទេសដែលចាក់វ៉ាក់សាំងរួច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

  • 2021-04-27 04:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។

លោករដ្ឋមន្ត្រីក៏បានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។

លោក ថោង ខុន បានមានប្រសាសន៍ទៀតថា៖ «យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ»។

សូមជម្រាបថា អ្វីដែលឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងខាងលើនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលត្រូវបានអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២១នេះ កន្លងទៅថ្មីៗនេះ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;