រឿងពិត! បុរសម្នាក់ទិញបានឈ្មោះវេបសាយ Google ក្នុងតម្លៃត្រឹម ២ដុល្លារ
- 2021-04-27 07:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិត! បុរសម្នាក់ទិញបានឈ្មោះវេបសាយ Google ក្នុងតម្លៃត្រឹម ២ដុល្លារ
ចន្លោះមិនឃើញ
ឈ្មោះវេបសាយ (domain name) របស់ក្រុមហ៊ុន Google Argentina ត្រូវបានទិញដោយអ្នករចនាវេបសាយម្នាក់ ខណៈពេលដែលវេបសាយនេះគាំងអស់រយៈពេលជាងពីរម៉ោង នៅក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃពុធសប្តាហ៍មុន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Google Argentina បានប្រាប់ទៅកាន់ BBC ថា "ក្នុងរយៈពេលខ្លី ឈ្មោះវេបសាយនេះត្រូវបានកាន់កាប់ដោយអ្នកផ្សេង"។ ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើបានបន្ថែមទៀតថា ខ្លួនបានកាន់កាប់វាវិញយ៉ាងឆាប់រហ័ស។
រឿងរ៉ាវនេះបានចាប់ផ្តើមនៅពេលដែល លោក Nicolas អង្គុយធ្វើការនៅឯជាយក្រុង Buenos Aires កាលពីយប់ថ្ងៃពុធ ដោយកំពុងរចនាវេបសាយសម្រាប់អតិថិជន។ ពេលនោះ លោកបានទទួលសារនៅលើ WhatsApp ថា Google បានគាំង។
លោកបាននិយាយថា "ខ្ញុំបានបញ្ចូលឈ្មោះវេបសាយ www.google.com.ar ចូលក្នុង Browser របស់ខ្ញុំ ហើយវាមិនដំណើរការទេ។ ខ្ញុំគិតថា មានអ្វីប្លែកកំពុងកើតឡើងហើយ"។
បន្ទាប់មក លោកក៏បានសម្រេចចិត្តចូលទៅបណ្តាញព័ត៌មានអាហ្សង់ទីន Network Information Center Argentina (NIC) ដែលជាអង្គការទទួលខុសត្រូវសម្រាប់ប្រតិបត្តិការឈ្មោះវេបសាយ .ar។ លោកបានស្វែងរកឈ្មោះ Google ពេលនោះស្រាប់តែឈ្មោះនេះ អាចឲ្យទិញបាន។
ទោះបីជាលោកគិតថា វាមិនមានប្រសិទ្ធិភាពក៏ដោយ តែលោកបានធ្វើតាមជំហាន ហើយបន្ទាប់មកក៏ទទួលបានអ៊ីម៉ែលមួយ ព្រមជាមួយនឹងវិក្កយបត្រទិញ ផងដែរ។
លោក Nicolas បានចែករំលែកវិក័យប័ត្រ NIC ជាមួយ BBC ដោយបង្ហាញឲ្យឃើញថា ឈ្មោះវេបសាយ www.google.com.ar ត្រូវបានទិញក្នុងតម្លៃ ២៧០ ប៉េសូ (២,៩០ ដុល្លារ) ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា មិនយូរប៉ុន្មាននោះទេ NIC ក៏បានដកហូតឈ្មោះវេបសាយនោះពីលោកវិញ បន្ទាប់ពីទិញរួច ប៉ុន្តែលុយចំនួន ២៧០ ប៉េសូនោះ មិនបានបង្វិលត្រលប់មកវិញឡើយ។ មិនតែប៉ុណ្ណោះ លោកក៏មិនត្រូវខាងក្រុមហ៊ុន Google ទាក់ទងមក ឬបង់ប្រាក់ឲ្យអ្វីដែរ៕