មក​ស្គាល់​បុណ្យ​ធំៗ​ចំនួន​៦ ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​បំផុត​នៅ​ឥណ្ឌា

  • 2021-05-03 00:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌា​ជាប់​ចំណាត់​ថ្នាក់​លេខ​២​នៅ​លើ​ពិភពលោក ដែល​ជា​ប្រទេស​សម្បូរ​​មនុស្ស​រស់នៅ​ច្រើន​ជាង​បំផុត​បន្ទាប់​ពី​ប្រទេស​ចិន។ បច្ចុប្បន្ន ប្រជាជន​ឥណ្ឌា​មាន​ចំនួន​សរុប​ប្រមាណ​ជាង ១៣៧៦​លាន​នាក់​ឯណោះ ស្មើ​នឹង ១៧,៥% នៃ​​​មនុស្ស​សរុប​​លើ​​ផែនដី។ ហេតុតែ​​មាន​គ្នា​ច្រើន​ ឥណ្ឌា​ក៏​​​សម្បូរ​ទៅ​ដោយ​​ការ​គោរព​ប្រតិបត្តិ​​សាសនា​​​​​ផ្សេង​ៗ​ខុសៗ​គ្នា​ទៅ​តាម​ហ្នឹង​ដែរ។

តាម​ការ​សង្កេត នៅ​ឥណ្ឌា​មាន​ពិធី​បុណ្យ​ធំៗ​ចំនួន​៦ ដែល​មាន​សភាព​លេចធ្លោ និង​ធំដុំ​ជាង​គេ ដែល​តែង​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ដូច​ខាង​ក្រោម៖

១. ពិធី​បុណ្យ Holi

Holi គឺ​ជា​ពិធី​បុណ្យ​ពណ៌​នៅ​ឥណ្ឌា ដែល​ធ្វើ​ឡើង​​ប្រចាំ​ឆ្នាំ​​នៅ​​អំឡុង​ខែ​មីនា។ ពិធី​បុណ្យ​នេះ​ប្រារព្ធ​ឡើង​នៅ​ជុំវិញ​រូប​សំណាក​បិសាច Holika ដែល​ត្រូវ​បាន​បំផ្លាញ និង​ដុត​ឲ្យ​ឆេះ សម្រាប់​ធ្វើ​ជា​ការ​បូជា​ថ្វាយ​​ដល់​ព្រះ​វិស្ណុ។ ផ្នែក​ដែល​មាន​ភាព​សប្បាយ​ជាង​គេ​នៃ​ពិធី Holi គឺ​ជា​ការ​បាច​ម្សៅ​ពណ៌ និង​បាញ់​​កាំភ្លើង​ទឹក​ដាក់​គ្នា។

២. ពិធី​បុណ្យ Ganesh

បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​គោរព​ដល់​ព្រះ​គណេស Ganesha ហើយ​វា​មាន​រយៈពេល​ចំនួន ១១​ថ្ងៃ។ ជា​ទូទៅ ពិធី​សាសនា​មួយ​នេះ​ច្រើន​តែ​ធ្វើ​ឡើង​ចន្លោះ​​​ខែ​សីហា និង​ខែ​កញ្ញា ជា​រៀងរាល់​ឆ្នាំ។ មាន​ការ​ដង្ហែ​រូប​សំណាក​ព្រះ​គណេស​នៅ​តាម​ដង​ផ្លូវ និង​ដាក់​តាំង​នៅ​ក្នុង​ផ្ទះ ហើយ​នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធី រូប​សំណាក​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ពន្លិច​ចោល​នៅ​ក្នុង​ទឹក​សមុទ្រ។

៣. ពិធី​បុណ្យ Navaratri

បុណ្យ Navaratri មាន​រយៈពេល​៩​យប់ ១០​ថ្ងៃ ជាប់ៗ​គ្នា (ចន្លោះ​ពី​ខែ​​កញ្ញា និង​ខែ​តុលា)។ វា​ជា​ការ​រំលឹក​ដល់​ទេពធីតា Durga ហើយ​​នៅ​ថ្ងៃ​ទី​១០ ប្រារព្ធ​​ឡើង​​ដើម្បី​សាទរ​ការ​បង្ក្រាប​​បិសាច Ravan បាន​ដោយ​ព្រះ​រាម និង​​​ហនុមាន។

៤. ពិធី​បុណ្យ Diwali

ពិធី​នេះ​​ជា​​ការ​សាទរ​ចំពោះ​ភាព​ជោគជ័យ​​នៃ​អំពើ​ល្អ​ទៅ​លើ​អំពើ​អាក្រក់ និង​ភាព​ភ្លឺ​​ទៅ​លើ​ភាព​ងងឹត ដែល​ទាក់ទង​នឹង​ទេវកថា​ពី​រឿង​ដែល​ព្រះ​រាម និង​មហេសី​នាង សីតា អាច​វិល​ត្រឡប់​ទៅ​ព្រះ​នគរ​នៅ Ayodhya វិញ ក្រោយ​​យក​ឈ្នះ​ស្ដេច​បិសាច Ravan។ ពិធី​បុណ្យ Diwali មាន​រយៈពេល​៥​ថ្ងៃ ហើយ​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​វិច្ឆិកា រាល់​ឆ្នាំ។

៥. ពិធីបុណ្យ Onam

នៅ​ក្នុង​ពិធី​បុណ្យ Onam មាន​ការ​រៀបចំ​ជា​ផ្កា​ និង​ម្ហូប​អាហារ​ដាក់​​​លើ​ស្លឹក​ចេក​​​នៅ​តាម​​ផ្ទះ​រៀងៗ​ខ្លួន ហើយ​​​ប្រជាជន​វិញ​​ស្លៀក​ពាក់​ខោអាវ​ថ្មីៗ​ រាំ​ច្រៀង និង​លេង​ល្បែង​ប្រពៃណី​ជា​ច្រើន។ ពិធី​នេះ​ពេញ​និយម​បំផុត​សម្រាប់​ប្រជាជន​ឥណ្ឌា​នៅ​ភាគ​ខាង​ត្បូង ជា​ពិសេស​នៅ​រដ្ឋ Kerala។ ការ​​ប្រារព្ធ​ពិធី​នេះ​ជា​ការ​កិច្ច​ស្វាគមន៍​​ស្ដេច​ Mahabali នៃ​ទេវកថា​ឥណ្ឌា។ Onam ច្រើន​តែ​ប្រារព្ធ​នៅ​អំឡុង​ខែ​សីហា។

៦. ពិធី​បុណ្យ Krishna Janmashtami ឬ​ហៅ​ថា Govinda

ពិធី​នេះ​ជា​ការ​​រំលឹក​ចំពោះ​ថ្ងៃ​ប្រសូត្រ​នៃ​ព្រះ​គ្រឹស្នា ដែល​ប្រារព្ធ​នៅ​ចន្លោះ​ខែ​សីហា ឬ​ខែ​កញ្ញា ជា​ប្រចាំ​​ឆ្នាំ។ នៅ​ក្នុង​ពិធី មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ច្រើន​ឡើង​ជាន់​គ្នា​បង្កើត​ជា​ពីរ៉ាមីត​ដ៏​ខ្ពស់​មួយ ដើម្បី​ចាប់​​​​ និង​បំបែក​ក្អម​ដី​៕

ប្រភព៖ Tripsavvy ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;