ស្ដេចថៃធ្លាប់មានបំណងចង់គាស់អង្គរវត្តទៅដាក់នៅបាងកក តែមិនបានសម្រេចព្រោះ...
- 2021-05-04 06:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចថៃធ្លាប់មានបំណងចង់គាស់អង្គរវត្តទៅដាក់នៅបាងកក តែមិនបានសម្រេចព្រោះ...
ចន្លោះមិនឃើញ
ប្រសិនស្ដេចថៃរាមាទី៤ អាចសម្រេចគម្រោងបម្លាស់ទីតាំងអង្គរវត្ត នោះបច្ចុប្បន្នប្រាសាទបុរាណដ៏អស្ចារ្យរបស់ជនជាតិខ្មែរនឹងត្រូវស្ថិតនៅជាប់ផ្សារទំនើប CentralWorld នៃទឹកដីទីក្រុងបាងកកមិនខាន។ នេះបើយោងតាមសម្រង់សម្ដីរបស់អ្នកប្រវត្តិវិទូថៃគឺលោក Santi Pakdeekham ដែលបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន Khaosod កាលពីឆ្នាំ២០១៨កន្លងទៅ។
បើតាមអ្នកជំនាញផ្នែកប្រវត្តិវិទូជំនាញថៃនិងខ្មែរនៃសកលវិទ្យាល័យ Sri Nakarinwiroj ដដែលរូបនេះ បានឲ្យដឹងថា គម្រោងគាស់យកអង្គរវត្តកើតមាននៅក្នុងឆ្នាំ១៨៥៩ ដោយស្ដេចរាមាទី៤ មានព្រះនាមថា មង្គត់។ ហេតុការណ៍នេះបានកើតឡើងមួយឆ្នាំមុនដែលអ្នកធម្មជាតិវិទូបារាំងគឺលោក Henri Mouhot បានធ្វើដំណើររកឃើញប្រាសាទអង្គរវត្តសាជាថ្មីឡើងវិញ។ "បំណងរបស់ព្រះអង្គគឺរុះរើប្រាសាទមួយនេះ" នេះជាការថ្លែងរបស់លោក Santi។
ផ្អែកតាមបន្ទូលស្ដេច កងទ័ពថៃត្រូវធ្វើដំណើរទៅកាន់អង្គរវត្ត និងគាស់យកផ្នែកខ្លះនៃប្រាសាទ ដើម្បីសាងសង់ឡើងវិញនៅលើទីតាំងថ្មីក្នុងទីក្រុងបាងកក ដែលឥលូវនេះទីតាំងគ្រោងទុកនោះគឺស្ថិតនៅចំវត្ត Pathum។
លោក Santi បានសង្កត់បន្ថែមថា ស្ដេចរាមាទី៤ ក៏មានបំណងចង់សង់អង្គរវត្តចម្លងថ្មីមួយទៀតផងដែរ ដែលស្ថិតនៅខេត្ត Phetchaburi។
ជាសំណាងមិនល្អសម្រាប់ថៃ តែជារឿងល្អបំផុតគ្មានពីរសម្រាប់ខ្មែរ គម្រោងគាស់យកអង្គរវត្តមិនអាចសម្រេចដូចការគិតនោះឡើយ។ បេសកកម្មរបស់ទ័ពថៃត្រូវបរាជ័យ ដោយហេតុថាជនជាតិខ្មែរចេញពីព្រៃមានគ្នាប្រមាណ ៣០០នាក់ បានលបវាយប្រហារ ហើយបានសម្លាប់មេទ័ពថៃឈ្មោះ Suphanphisarn និងកូនប្រុសរបស់គាត់មួយរូបថែមទៀតផង។
ព្រោះគម្រោងមិនជោគជ័យ ស្ដេចរាមាទី៤ បានព្យាយាមបង្កើតបេសកកម្មមួយទៀត ប៉ុន្តែត្រូវបានក្រុមទីប្រឹក្សាព្រះអង្គផ្ដល់យោបល់ឲ្យបញ្ឈប់ ព្រោះយល់ថា ការងារនេះមានភាពលំបាកខ្លាំងណាស់ ហើយណាមួយរចនាសម្ព័ន្ធប្រាសាទសក្ដិសមសង់នៅលើទឹកដីខ្មែរជាង។
ជំនួសឲ្យគម្រោងយកអង្គរវត្តមកដាក់លើដីថៃ ស្ដេចរាមាទី៤ បានសម្រេចសាងសង់អង្គរវត្តចម្លងតូចមួយវិញនៅក្នុងបរិវេណវត្តព្រះកែវមរកត នៅបាងកក។ ស្ដេចរាមាទី៤ មិនអាចមើលឃើញនូវការបញ្ចប់សំណង់អង្គរវត្តចម្លងនោះទេ ដោយទ្រង់បានចូលទិវង្គតមួយឆ្នាំមុនប្រាសាទចម្លងនេះបញ្ចប់ការកសាងនៅក្នុងឆ្នាំ១៨៦៨៕