អភិបាល​ខេត្ត​រតនគិរី បង្ហាញ​ពីវិធានការ​ដែល​ធ្វើឱ្យខេត្តនេះ មិនទាន់មានកូវីដសូម្បីតែ១ករណី

  • 2021-05-06 07:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១នេះ សម្រាប់ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នៅឡើយទេទាំងនេះអាស្រ័យដោយការដឹកនាំរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត និងការចូលរួមរបស់អាជ្ញាធរនៅថ្នាក់ក្រោមជាតិអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ទោះហត់នឿយយ៉ាងណា មិនធ្វេសប្រហេសចំពោះករណីនេះ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។

លោកបន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានជម្រើសអ្វីក្រៅពីពង្រឹងការអនុវត្តវិធានការចាំបាច់នានា រួមមានការត្រួតពិនិត្យដើមទី និងយកសំណាកធ្វើតេស្តរហ័សរាល់អ្នកដំណើរចូលមកខេត្តរតនគិរី និងដាក់ចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅផ្ទះដោយខ្លួនឯង ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរមានសមត្ថកិច្ច ការរៀបចំណតនៅទីតាំងមួយដែលអាចគ្រប់គ្រងបាននូវមធ្យោបាយដឹកជញ្ជូនចូលខេត្តគ្រប់ប្រភេទ ដើម្បីធានាបានថា ខេត្តរតនគិរី នឹងមិនមានករណីនាំចូលមេរោគកូវីដ-១៩ចូលមកក្នុងសហគមន៍។

ជាមួយគ្នានេះ សហគមន៍ ភូមិ ឃុំ មួយចំនួនបានសម្រេចជ្រើសយកវិធានការប្រពៃណី គឺតំណមភូមិ ហាមឃាត់មិនឱ្យជនប្លែកមុខចូលក្នុងភូមិរបស់ពួកគាត់ ឬរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចរាល់ជនចំណូលស្រុក ដើម្បីសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់នានា៕

ប្រភព៖ ទទក

អត្ថបទថ្មី
;