ថ្ងៃនេះកម្ពុជា នាំចេញផ្លែស្វាយ ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន!
- 2021-05-07 07:26:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះកម្ពុជា នាំចេញផ្លែស្វាយ ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន!
ចន្លោះមិនឃើញ
ថ្ងៃនេះទី៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានធ្វើពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់ ត្រូវបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។
លោកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។
សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណ ភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន ហើយជាប្រត្យក្ស គឺព្រឹត្តិការណ៍ដែលយើងកំពុងតែប្រារព្វនាពេលនេះ។
សមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាថ្ងៃនេះ គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រវាងលោករដ្ឋមន្ត្រី វេង សាខុន ជាមួយលោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល៕
ប្រភព៖ ហ្វេសបុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ