ព្រោះ​អ្វី​បានជា​លោក គីម ជុងអ៊ីល ធ្លាប់ចាប់​ជម្រិត​តារា​ស្រី និង​អ្នក​ដឹក​នាំ​កុន​​កូរ៉េ​ខាង​ត្បូង?

  • 2021-05-10 23:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក គីម​ ជុងអ៊ីល ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ស្រឡាញ់​វិស័យ​ភាពយន្ត ហើយ​លោក​បាន​សរសេរ​សៀវភៅ​ជា​ច្រើន​ក្បាល ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​កុន​នៅ​កូរ៉េ​ខាង​ជើង។ អតីត​មេ​ដឹក​នាំ​រូប​នេះ​គឺ​ជា​អ្នក​គាំទ្រ​​របស់​​តារា​សម្ដែង James Bond និង Elizabeth Taylor។

លោក គីម ជុងអ៊ីល
នៅ​អំឡុង​ទស​វត្ស​ទី​៧០ លោក គីម ជុងអ៊ីល បាន​ចាប់​ផ្ដើម​គំនិត​ធ្វើ​ឲ្យ​វិស័យ​កុន​នៅ​កូរ៉េ​ខាង​ជើង​មាន​ការ​លេចធ្លោ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​អន្តរជាតិ។ ហេតុ​ដូច្នេះ​ហើយ​​លោក​បាន​សម្រេច​បង្កើត​គម្រោង​ការណ៍​មួយ​គឺ​ចាប់​ជម្រិត​​តារា​សម្ដែង​ម្នាក់ និង​អ្នក​ដឹក​នាំ​រឿង​ម្នាក់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។ តារា​ស្រី​ដែល​ត្រូវ​គេ​ចាប់​មាន​ឈ្មោះ​ថា Choi Eun-hee ឯ​អ្នក​ដឹក​នាំ​ប្រុស​មាន​ឈ្មោះ​ថា Shin Sang-ok។ អ្នក​ទាំង​២​ធ្លាប់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មុន​ត្រូវ​គេ​ចាប់​ជម្រិត​យក​ទៅ​ក្រុង​ព្យុងយ៉ាង។
អតីត​តារា​សម្ដែង​ Choi Eun-hee
អតីត​អ្នក​ដឹក​នាំ​ Shin Sang-ok

Choi និង​អតីត​ស្វាមី ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​នៅ​កូរ៉េ​ខាង​ត្បូង នា​អំឡុង​ទសវត្ស​ទី​៦០។ យ៉ាង​ណា​មិញ ក្រោយ​លែងលះ​ពី Shin រួច សកម្មភាព​​ការងារ​របស់​​​តារា​ស្រី Choi មាន​ការ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង។ នៅ​ចុង​ទសវត្ស​ទី​៧០ មាន​គ្រា​មួយ​ស្រាប់​តែ​ Choi ត្រូវ​អ្នក​ជំនួញ​ហុងកុង​ម្នាក់​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិភាក្សា​​ការងារ​សម្ដែង ដែល​នេះ​ជា​ក្ដី​សង្ឃឹម​​ថ្មី​សម្រាប់ Choi ក្នុង​ការ​ស្ដារ​អាជីព​ឡើង​វិញ។ អ្វី​ៗ​មិន​ដូច​ការ​គិត ខណៈ​​​ពេល​នៅ​ក្នុង​ហុងកុង Choi ត្រូវ​​ក្រុម​បុរស​ជា​ច្រើន​នាក់​ចាប់​​ខ្លួន​យក​ទៅ​ទីក្រុង​ព្យុងយ៉ាង នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ ក្រោយ​ពេល​បាត់​ដំណឹង​អតីត​ភរិយា លោក Shin បាន​ទៅ​រក​នាង​ដល់​​ហុងកុង តែ​ក្រោយ​មក​​លោក​​ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​កូរ៉េ​ខាង​ជើង​ផង​ដែរ។

លោក គីម ជុងអ៊ីល បាន​រំពឹង​ថា វត្តមាន​របស់​​ Choi និង​ Shin នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ភាពយន្ត​​កូរ៉េ​ខាង​ជើង​មាន​ភាព​ល្បាញល្បី​មិន​ខាន។ លោក គីម ជុងអ៊ីល បាន​បង្ខំ​ឲ្យ​ Choi និង Shin ថត​រឿង​មួយ​​មាន​ចំណងជើង​ថា "Pulgasari" ដែល​យក​លំនាំ​តាម​រឿង "Godzilla"។ មុន​ថត​រឿង​នេះ តារា​កូរ៉េ​ខាង​ត្បូង​ទាំង​២​រូប​ត្រូវ​លោក គីម ជុងអ៊ីល ចាប់​បង្ខំ​ឲ្យ​បរិភោគ​ស្មៅ។

នៅ​កូរ៉េ​ខាង​ជើង​អស់​រយៈពេល​៨​ឆ្នាំ Choi និង Shin បាន​ទទួល​​ទំនុក​ចិត្ត​ពី​លោក គីម ជុងអ៊ីល ហើយ​​ពួក​គេ​ឲ្យ​បាន​អនុញ្ញាត​ឲ្យ​ទៅ​​ប្រទេស​អូស្ត្រាលី ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្សែ​ភាពយន្ត។ ពេល​នោះ​ហើយ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ទាំង​២​គេច​ខ្លួន ដោយ​សុំ​សិទ្ធិ​ជ្រក​​កោន​ផ្នែក​នយោបាយ​នៅ​ទូត​អាមេរិក។

អ្នក​​ស្រី Choi និង​លោក Shin បាន​ចាប់​ផ្ដើ់ម​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​អាមេរិក​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មុន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ លោក Shin បាន​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​អ្នក​ស្រី Choi បាន​លា​ចាក​លោក​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ៕

អតីត​តារា​សម្ដែង​ Choi Eun-hee

ប្រភព៖ BBC | 11Points ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;