តារាចម្រៀងស្រីល្បីក្នុងទស្សវត្ស៦០ ទាំង៤រូបនេះ មានសម្ផស្សស្អាតដាច់គេ ហើយធ្លាប់ជាតួសម្ដែងទៀត
- 2021-05-11 05:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងស្រីល្បីក្នុងទស្សវត្ស៦០ ទាំង៤រូបនេះ មានសម្ផស្សស្អាតដាច់គេ ហើយធ្លាប់ជាតួសម្ដែងទៀត
ចន្លោះមិនឃើញ
ការវិវដ្ដ នៃសម័យកាល និងស្ថានភាពច្រៀង ឬសម្ដែងក្នុងនាមជាអ្នកសិល្បៈល្បីឈ្មោះពីសម័យកាលមួយទៅសម័យកាលមួយ មានលក្ខណៈអំណោយផលខុសគ្នា។ បច្ចុប្បន្នតារាចម្រៀងស្រីល្បីឈ្មោះដែលមានទឹកដមសំឡេងពីរោះ គឺភាគច្រើនមានរូបសម្ផស្សស្រស់ស្អាតដែរ ដោយគេអាចលើកសម្រស់បន្ថែមពីធម្មជាតិតាមរយៈការកែកុនផ្ទៃមុខ និងប្រើគ្រឿងសម្អាង។
យើងងាកមកមើលរូបសម្ផស្សរបស់តារាចម្រៀងស្រីល្បីឈ្មោះចំនួន៤រូប នេះវិញ។ នៅមុនឆ្នាំ១៩៧៥ ដែលបច្ចេកវិទ្យាផលិតបទចម្រៀង និងគ្រឿងសម្អាងមិនសូវសម្បូរបែបក្នុងការប្រើប្រាស់ ប៉ុន្តែតារាស្រីទាំងនេះបានថ្ពក់ចិត្តមហាជនឲ្យស្លុងលើរូបសម្ផស្សផង និងទឹកដមសំនៀងផងនៅពេលដែលពួកគាត់ឡើងច្រៀង ឬសម្ដែងម្ដងៗ។
ក្រុមព្រះសុរិយាដែលមានបេសកកម្មគាស់រំលើងនូវជីវប្រវត្តិសិល្បករជំនាន់ដើម បានលើកយកតារាចម្រៀងស្រីល្បីឈ្មោះចំនួន៤រូប ដែលក្រុមអ្នកស្រាវជ្រាវនេះអះអាងថា ពួកគាត់មានទឹកដមសំនៀងពីរោះហើយថែមទាំងមានរូបសម្ផស្សស្រស់ស្អាតដាច់គេទៀតផងនៅមុនឆ្នាំ១៩៧៥។
១/លោកស្រី សុត សុខា ម្ចាស់បទ"ថ្ងៃនេះប្លែកណាស់" គឺជាតារាចម្រៀងល្បីឈ្មោះក្នុងវង់តន្ត្រីវិទ្យុជាតិ នៃរបប សាធារណរដ្ឋខ្មែរ។ លោកស្រី មានកែវភ្នែកមុតថ្លា ភក្ត្រាស្រស់ស្រទន់ និងមានកម្ពស់ខ្ពស់សមដូចជាអ្នកបង្ហាញម៉ូត។ តារាចម្រៀង សុត សុខា បានបង្ហាញវត្តមានញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍តាមរយៈការសម្ដែងចម្រៀងកាយវិការ និងធ្លាប់បានចូលរួមសម្ដែងក្នុងភាពយន្តជាតិទៀតផង។
២/លោកស្រី កែវ សុខា ម្ចាស់បទ"ក្លិនជាប់នាសា" និងបទ"ដៃសមុទ្រត្រពាំងរូង"។ អ្នកស្រី កែវ សុខា គឺជាតារាចម្រៀងល្បីឈ្មោះប្រចាំវង់តន្ត្រីវិទ្យុជាតិតាំងពីឆ្នាំ១៩៦៤ ក្នុងសម័យសង្គមរាស្ត្រនិយម។ លោកស្រី មានសប្បុរខ្មៅស្រអែម មុខពងក្រពើ កែវភ្នែកមុតថ្លា សម្ផស្សស្រស់ស្អាតនៅក្នុងទម្រង់ជានារីខ្មែររាងតូចទ្រមែ។ អ្នកស្រីធ្លាប់សម្ដែងក្នុងរឿង"សេះដាច់បង្គា" និងរឿង"ស្រីមេអាបដប់ខ្នង"។ អ្នកចម្រៀង កែវ សុខា ត្រូវជាប្អូនស្រីបង្កើតរបស់តារាភាពយន្តរៀបច្បង កែវ មន្ថា។
៣/លោកស្រី ហួយ មាស ដែលមានរហស្សនាមថាមាតាសំឡេងរនាតឯកស្រួយស្រះពីរោះជាប់ចិត្ត មានរូបសម្ផស្សស្រស់សោភាបែបល្អគន់ កាយវិការ និងសម្ដីទន់ភ្លន់ ដៃជើងស្រឡូនៗ ភក្ត្រាស្រទន់ដូចសម្ដីលោកស្រីដែរ។ រីឯកម្ពស់វិញ គឺខ្ពស់ស្អាត និងមានសម្បុរសខ្ចី។
ចំណែកតារាចម្រៀងដែលមានទឹកដមសំឡេងពីរោះ ហើយមានរូបសម្ផស្សស្រស់ស្អាតដាច់គេទី៤ គឺរជនីសំឡេងមាស រស់ សេរីសុទ្ធា។ លោកស្រី រស់ សេរីសុទ្ធា មានរូបសម្ផស្សស្រស់ស្អាតសមជានារីខ្មែរបែបជនបទ មានសម្បុរខ្មៅស្រអែម មើលយូរកាន់តែស្រស់ឡើងៗ គឺបែបល្អគន់។ រីឯកម្ពស់វិញ គឺខ្ពស់អាចធ្វើតារាបង្ហាញម៉ូតបាន។
ដោយមានរូបសម្ផស្សអំណោយផលបែបនេះហើយ ទើបលោក ស៊ិន ស៊ីសាមុត លើកឲ្យលោកស្រីបានសម្ដែងក្នុងរឿងមួយគឺរឿង"ចម្រៀងអត់ព្រាងទុក" ក្នុងឆ្នាំ១៩៧៣៕