ផ្លូវក្រវាត់​ក្រុងទី៣ ដែលមាន​៤គន្លង សម្រេច​ការសាងសង់​បានពាក់កណ្តាលហើយ

  • 2021-05-12 07:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​សាងសង់​ផ្លូវក្រវាត់​ក្រុងទី៣ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ គឺសម្រេចបាន ៥០%ហើយ  ក្រោយបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩។ បើគ្មានអ្វីប្រែប្រួល​ទេ គម្រោងនេះ​នឹងរួចរាល់នៅខែកញ្ញា ឆ្នាំ​២០២២។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបាន​ដកស្រង់សម្តី​ដោយ​ទូរទស្សន៍ PNN កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១។

រូបថតពីវីដេអូរបស់គណនីយូធូប Cambodia All Videos
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។

ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។ គម្រោង​នៃ​ផ្លូវ​នេះ ក៏មាន​ការសាងសង់​​ស្ពាន​អាកាស​ចំនួន៤​ផងដែរ ឆ្លងកាត់​ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និង​លេខ២១ ​ប្រវែង​សរុប ១ពាន់​ម៉ែត្រ។

ផ្លូវ​ក្រវាត់ក្រុង​ទី៣ ត្រូវ​ចំណាយ​ការសាងសង់​ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទថ្មី
;