ការបាញ់ស្រោចរបស់អ៊ីស្រាអែលនៅតំបន់ហ្គាសាម្សិលមិញ ធ្វើឱ្យមានមនុស្សស្លាប់ច្រើនបំផុត
- ច័ន្ទ, 17 ឧសភា 2021 02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបាញ់ស្រោចរបស់អ៊ីស្រាអែលនៅតំបន់ហ្គាសាម្សិលមិញ ធ្វើឱ្យមានមនុស្សស្លាប់ច្រើនបំផុត
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ២លើកនៅតំបន់ហ្គាសា កាលពីថ្ងៃទី១៦ឧសភាម្សិលមិញ បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោច ៤៣នាក់ ក្នុងនោះកុមារ ៨នាក់ និងរបួស ៥០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ។ នេះជាចំនួនស្លាប់ច្រើនបំផុត បន្ទាប់ពីអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារចូលតំបន់ហ្គាសា សប្តាហ៍នេះ។
ដោយឡែកខាងកងទ័ពអ៊ីស្រាអែល បានអះអាងម្សិលមិញដែរថា កងជីវពលហាម៉ាស់ បានបាញ់គ្រាប់រ៉ុកកែត ១២០គ្រាប់ ក្នុងនោះ ១១គ្រាប់ធ្លាក់ចូលតំបន់ហ្គាសា។
ជនស៊ីវិលដែលស្លាប់នៅតំបន់ហ្គាសា បានកើនឡើងដល់ ១៩៧នាក់ហើយ ក្នុងនោះ កុមារ ៥៨នាក់ និងស្រ្តី ៣៤នាក់ និងរបួសកើនដល់ ១២២៥នាក់។ ចំនួននេះ រំពឹងថានឹងកើនឡើងបន្តទៀត។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នីតេនយ៉ាហ៊ូ បានបញ្ជាក់ថា លោកនឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយវានឹងត្រូវចំណាយពេល ពោលគឺលុះត្រាតែសន្តិសុខរបស់ប្រជាជនអ៊ីស្រាអែល ត្រូវបានធានា។
លោកក៏បានអះអាងដែរថា អ៊ីស្រាអែល តែងតែព្យាយាមបញ្ចៀសនូវការស្លាប់របស់ជនស៊ីវិល ពីការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន៕