យាន​គ្មាន​មនុស្ស​បើក​ ​ចុះ​ចត​ជោគជ័យ​លើ​ដី​ភព​អង្គារ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​អវកាស​ចិន​

  • 2021-05-17 09:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ទីភ្នាក់ងារ​អវកាស​ ​ចិន​ ​(CNSA)​ ​កំពុង​សាង​ប្រវត្តិសាស្រ្ត​ជូន​ជាតិ​មាតុភូមិ​ ​ក្នុង​បេសកម្ម​ Tianwen-1 ​មាន​ផ្ទុក​យាន​គ្មាន​មនុស្ស​បើក​ ឬ​យាន​រ៉ូប៉ូត​ឈ្មោះ​ថា​ ​Zhurong ​Rover​ ​បាញ់​បង្ហោះ​ចេញ​ពី​ស្ថានីយ៍​អវកាសWenchang ​ក្នុង​កោះ​ហៃ​ណាន ​តាំង​ពី​ថ្ងៃ​ទី ២៣ កក្កដា ២០២០ ​ទើប​នឹង​អាច​ចុះ​ចត​ដោយ​ជោគជ័យ​នៅ​លើ​ដី​ភព​អង្គារ ​នៅ​ថ្ងៃ​ទី ១៥ ឧសភា ២០២១ ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​​

​យាន​ធានវិន-១ ដែល​មាន​ ​ផ្កាយរណប, ជើងទម្រនិង​គ្រឿង​យន្ត​ចល័ត​ អាច​ចុះ​ចត​បាន​យ៉ាង​រលូន​ ​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ អស់​រយៈពេល​សរុប​ជាង ​១០ ​ខែ (គិត​ទាំង​​ហោះ​ចូល​គន្លងតារាវិថីភព​ក្រហម ​រួម​ទាំង​ការ​សិក្សា​មុន​សម្រេច​ចុះចត​យានរ៉ូបូត Zhurong Rover​ ជាង ​២ ខែទៀត​)។​​​

ក្រុមអ្នកវិទ្យាសាស្រ្តចិន
រ៉ូប៉ូត​បញ្ជាពីចម្ងាយនេះត្រូវ​បាន​គេ​​ដឹង​ថា​វា ​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗរួមមានម៉ាស៊ីនថតចំនួន២គ្រឿង, រ៉ាដា Mars-Rover Subsurface Explarface និង​ឧបករណ៍វាស់ដែនម៉ាញេទិច ជាដើម​។

​យាន​រ៉ូបូត​កង់ ៦ នេះបានចុះចតនៅក្នុងតំបន់់មួយឈ្មោះថា Utopia Planitia ជាអតីតបឹងដ៏ធំមួយលើភពក្រហមនេះ។​ វាគឺមានបេសកម្មសិក្សាឈ្វេងយល់ពីអតីតនៃភពនេះ ក៏ដូចជាសិក្សាលម្អិតស្តីពីអាកាសធាតុ។ បេសកម្មដ៏សំខាន់នេះ ក៏ជាវិញ្ញាសារក្នុងការធ្វើតេស្តសមត្ថភាពវិស័យអវកាស ចិន ខ្លួនឯងលើការស្រាវជ្រាវនិងធ្វើទំនាក់ទំនងរវាង យានក្នុងទីអវកាសឆ្ងាយៗបែបនេះ។ ​

Zhurong ​Rover

​បន្ទាប់​ពី​ ចិន​ អាច​ចុះ​ចត​យាន​គ្មាន​មនុស្ស​បើក​លើ​ដី​ភព​អង្គារ​ដោយ​ជោគជ័យខាងលើ សូម្បីតែ​លោក​ Dmitry Rogozin ​កាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​ ​ជា​អ្នក​ចេញ​សេចក្តីថ្លែងការណ៍​​អបអរសាទរ​មុន​គេ​បង្អស់​។​​

​រំឮក​ផង​ដែរ​ថា ​កាលពីអំឡុងឆ្នាំ ២០២០ រុស្ស៊ី និងអឺរ៉ុប ​ក៏​បង្ហើប​ឲ្យដឹងពីគ្រោងការបញ្ជូនយានមានឈ្មោះថា ExoMars ឲ្យចុះចតលើផ្ទៃភពអង្គារដែរ ប៉ុន្តែដោយសារតែការធ្វើតេស្តយានស្រាវជ្រាវនោះមិនអាចបញ្ចប់ឲ្យទាន់ពេលទើបការបាញ់បង្ហោះត្រូវពន្យារពេលដល់ឆ្នាំ ២០២២ វិញ។​

​ការចុះចតលើដីភពអង្គារនេះនៅឆ្នាំ ១៩៧១ សហភាពសូវៀត ធ្លាប់ប្រើប្រាស់យាន Mars 3​ ទៅចុះចតតែត្រូវបរាជ័យវិញ បន្ទាប់ពីចុះដល់ដីជាង ២០ វិនាទី ស្រាប់តែមិនអាចទំនាក់ទំនងគ្នាបាន។ ដូច្នេះ នៅពេល​នេះមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានយានកំពុងតែដំណើរការស្រាវជ្រាវនៅលើដីនៃភពអង្គារ​គឺ ប្រទេសចិនមានយាន Zhurong Rover រីឯសហរដ្ឋអាមេរិកមានយាន Perseverance ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ theverge ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;