ជាង ២០​ឆ្នាំ​មុន​តារា​កំប្លែង កៅ​អៀក បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​ក្នុង​សង្គម​សិល្បៈ!

  • 2021-05-25 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ២៥​ឆ្នាំ​ហើយ ដែល​តារា​កំប្លែង​ដ៏​ល្បី មាន​ឈ្មោះ​ក្នុង​សិល្បៈ​ថា "កៅអៀក" បាន​បាត់​បង់​ជីវិត ក្រោយ​ពី​បាន​ជួប​​ហេតុការណ៍​ដ៏​អាក្រក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង។

នោះ​ជា​ហេតុការណ៍​ដ៏​អាក្រក់ និង​តក់​ស្លុត​បំផុត​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ដោយ​បាន​ឆក់​យក​អាយុជីវិត​សិល្បករ និង​អ្នក​ដំណើរ​មួយ​ចំនួន​ទៀត។ តាម​ឆាណែល PSY News បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ សីហា ឆ្នាំ ១៩៩៦។ កាល​ណោះ តារា​កំប្លែង​ដ៏​ល្បី​កាល​នោះ គឺ​អ្នក​នាង កៅអៀក មាន​បេសកកម្ម​ដោយ​ត្រូវ​ទៅ​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​បង្កក់​កូន​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

ដោយ​សារ​ដំណើរ​វែង​ឆ្ងាយ កៅអៀក និង​ក្រុម​ការងារ បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ដល់​គោលដៅ​ផង ក៏​ជួប​ហេតុការណ៍​រហូត​ដល់​បាត់​បង់​ជីវិត។ តាម​លោក សោម សុខុម អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​រស់រាន​មួយ​ចំនួន​ទៀត​​ពី​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​លើ​ឧទ្ធម្ភាគចក្រ​មាន​អ្នក​ដំណើរ​សរុប​ជាង ២០​នាក់ ក្នុង​នោះ​មាន​ក្មេង​អាយុ​ប្រមាណ ១០​ឆ្នាំ​២ ៣នាក់​ផង។

សាក្សី​ដដែល ជា​អ្នក​អង្គុយ​ជិត​នឹង​តារា​កំប្លែង កៅអៀក និង​ច្បាស់​ពី​ហេតុការណ៍​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នោះ ខណៈ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​កំពុង​តែ​ហោះហើរ​សុខ​ៗ ស្រាប់​តែ​ម៉ាស៊ីន​មាន​បញ្ហា ធ្វើ​ឲ្យ​គាំង​ដំណើរ​ការ​ភ្លាម​ៗ។ រំពេច​នោះ ឧទ្ធម្ភាគចក្រ​ក៏​បាន​ធ្លាក់​ចុះ​មក​ដី​តែ​ម្ដង ដោយ​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​ស្បាត​ក្រាស់ ក្បែរ​ភ្នំ​ជី​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ទឹក​ដី​ខេត្ត​កំពង់​​ធំ។ វេលា​នោះ គ្មាន​នរណា​អាច​ជួយ​អ្នក​ណា​បាន​ឡើយ ដោយ​ម្នាក់​ៗ​រង​របួស​ស្រាល ធ្ងន់​រៀង​ខ្លួន។

អ្នក​នាង កៅអៀក បាន​ខ្ទាត​ទៅ​បោក​នឹង​ជញ្ជាំង​ឧទ្ធម្ភាគចក្រ​ម្ខាង។ ជាមួយ​គ្នា កាន​ធុងសាំង​ចំណុះ ៣០លីត្រ និង​មាន​ចំនួន​ប្រមាណ​ជា ៣០ កាន ដែល​មាន​នៅ​លើ​ឧទ្ធម្ភាគចក្រ មួយ​ចំនួន​បាន​ដួល​បោក និង​សង្កត់​ទៅ​លើ​តារា​កំប្លែង។ ដោយ​សារ​អ្នក​នាង កៅអៀក មាន​មាឌ​តូច​ល្អិត​ផង ផ្សំ​នឹង​ការ​បោក​ផ្ទប់​ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​ឧទ្ធម្ភាគចក្រ និង​សង្កត់​ដោយ​ធុងសាំង​ផង តារា​កំប្លែង​អភ័ព្វ​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​ក្នុង​វេលា​នោះ​ទៅ ដោយ​មិន​បាន​ពោល​ពាក្យ​លា ឬ​ផ្ដាំ​ផ្ញើ​នរណា​ម្នាក់​មួយ​ម៉ាត់​ណា​ឡើយ។

ក្រោយ​កើតហេតុ ដោយ​សារ​ទី​កន្លែង​កើត​ហេតុ​ស្ថិត​ក្នុង​ក្នុង​តំបន់​មាន​ព្រៃ​ក្រាស់ ក្រុម​គ្រួសារ​មិន​អាច​នាំ​យក​សព​តារា​កំប្លែង​មាឌ​ល្អិត​មក​ធ្វើ​បាន​ឡើយ។ លោក ឃុន រតនៈ ជា​ស្វាមី បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ បាន​សម្រេច​ធ្វើ​បុណ្យ​សព​ដោយ​មិន​មាន សាកសព និង​អដ្ឋិធាតុ។ ទិដ្ឋភាព​នោះ មិត្ត​រួម​អាជីព មាន​នាយ ជ្រុញ ជា​ដើម បាន​ពោល​ពាក្យ​សោកស្ដាយ និង​អាណិត​អាសូរ​ កៅអៀក ជា​ពន់ពេក មិន​គួរ​ណា​មានភ័ព្វ​អាក្រក់​យ៉ាង​នេះ​ទាល់​តែ​សោះ។

អ្នក​នាង កៅអៀក បាត់​បង់​ជីវិត​នៅ​អាយុ ៤០ ឆ្នាំ​គត់ ហើយ​បាន​បន្សល់​ទុក​នូវ​កូន​ស្រី​តែ​ម្នាក់​គត់​ដែល​ជា​កូន​ប្ដី​មុន ដែល​ពេល​នោះ​នាង​ទើប​មាន​អាយុ ១៤​ឆ្នាំ ដែល​បើ​គិត​មក​ដល់​ពេល​នេះ កូន​ស្រី​រូប​នេះ មាន​អាយុ​ក្បែរ ៤០​ឆ្នាំ​ដែរ ប៉ុន្តែ​គេ​​មិន​ដឹង​ថា នាង​រស់​នៅ​ទីណា និង​ស្ថានភាព​យ៉ាង​ណា​នោះ​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;