ចិនប្រកាស​ផ្តល់វ៉ាក់សាំង​ឱ្យតៃវ៉ាន់! ចុះតៃវ៉ាន់ឆ្លើយតបវិញយ៉ាងម៉េច?

  • 2021-05-25 06:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន​បានប្រកាស​ផ្តល់វ៉ាក់សាំង​ជាបន្ទាន់​ឱ្យតៃវ៉ាន់ ខណៈកោះមួយនេះ​កំពុង​រងនូវការឆ្លងកូវីដ១៩កើនឡើងខ្លាំង និងខ្វះខាតវ៉ាក់សាំងចាក់ ពោលគឺមកដល់ពេលនេះតៃវ៉ាន់​ទើបតែទទួលបានវ៉ាក់សាំង ៧០ម៉ឺនដូសតែប៉ុណ្ណោះ ឯប្រជាជនមានទៅដល់ ២៣លាននាក់។

ក្នុងសេចក្តីថ្លែងការណ៍​របស់​ការិយាល័យគោលនយោបាយ​កិច្ចការតៃវ៉ាន់ នៃប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២១ បាន​បង្ហាញ​នូវក្តីបារម្ភ​យ៉ាងខ្លាំងអំពីជំងឺរាតត្បាត​នៅតៃវ៉ាន់ ហើយប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង។ ប្រជាជន​តៃវ៉ាន់ បាន​អំពាវនាវឱ្យទិញវ៉ាក់សាំងចិន។

សេចក្តីថ្លែងការណ៍បន្តថា៖ «ឥរិយាបថរបស់យើង​គឺច្បាស់លាស់ថា យើងមានឆន្ទៈធ្វើការរៀបចំ​យ៉ាងឆាប់រហ័ស​ ដើម្បី​ឱ្យតៃវ៉ាន់​ប្រើប្រាស់បាន​កាន់តែលឿន​តាម​ដែល​អាចធ្វើបាន»។

បន្ថែមពីនេះ ចិនអះអាងថា «ប្រសិនបើចាំបាច់ យើង​នឹងពិចារណាបញ្ជូន​អ្នកជំនាញ​ទៅតៃវ៉ាន់ ដើម្បីជួយទប់ស្កាត់​ និងចែករំលែកបទពិសោធន៍ជាមួយ​មន្រ្តីសុខាភិបាល​តៃវ៉ាន់»។

ប៉ុន្តែ​ជាការឆ្លើយតប ក្រុមប្រឹក្សា​កិច្ចការ​ដីគោក របស់​តៃវ៉ាន់ បាន​លើកឡើង​ថា ចិន​មិនបានប្រើច្រក​ដែលមានស្រាប់​ ក្នុងការផ្តល់ព័ត៌មាន​អំពី​វ៉ាក់សាំង ហើយ​តែងតែ​ធ្វើឱ្យ​តៃវ៉ាន់​ជួបផលលំបាក​ ក្នុងការទទួលវ៉ាក់សាំង​បន្ថែម។

យ៉ាងណាមិញ ក្រុមប្រឹក្សា​នេះ​មិន​ទាន់បាន​បញ្ជាក់​ទេថា តៃវ៉ាន់​នឹងទទួលយកវ៉ាក់សាំងរបស់ចិនឬអត់ដោយគ្រាន់តែ​ថា «តៃវ៉ាន់​មានឧបសគ្គ​ ក្នុងការទទួលយកវ៉ាក់សាំងចិន»៕

ប្រភព៖ Asia.Nikkei

អត្ថបទថ្មី
;