ថ្មីទៀតហើយ! Ford ចេញភីកអាប់ Ranger Raptor Special Edition លេងខ្លួនកាន់តែប្លែក

  • 2021-05-26 02:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ម៉ូដែលពិសេសថ្មី ហៅថា Ranger Raptor Special Edition សម្រាប់ទីផ្សារអឺរ៉ុប ហើយវានឹងត្រូវផលិតក្នុងចំនួនមានកំណត់ប៉ុណ្ណោះ។

ភីកអាប់ Ford Ranger Raptor Special Edition ទទួលបានការអាប់ដេតខុសប្លែកពី ម៉ូដែល Ranger Raptor ធម្មតា ដូចជា ការបំពាក់តែមពណ៌ខ្មៅគ្រើមលាយក្រហម នៅលើគម្របម៉ាស៊ីន, ដំបូល, ចំហៀងខ្លួនផ្នែកខាងក្រោម និងផ្នែកខាងក្រោយផងដែរ។

បន្ថែមពីនេះ វាក៏មានបំពាក់ដែកអូសសណ្តោងនៅខាងមុខពណ៌ក្រហម ខណៈរបាំងផុក, កាងមុខក្រោយ, ដៃទ្វារ និងប៉ាណាមុខ សុទ្ធតែលេងពណ៌ខ្មៅគ្រើម។ លើសពីនេះ កាបីនខាងក្នុងរបស់វាក៏មានបំពាក់ថ្នេរដេរពណ៌ក្រហមលើដៃចង្កូត, តាប្លូ និងដៃទ្វារទៀតផង។

រថយន្តភីកអាប់ម៉ូដែលពិសេសនេះ នឹងផ្តល់ជម្រើស ៣ពណ៌ គឺ ខៀវ (Performance Blue), ប្រផេះ (Conquer Grey) និង ស (Frozen White)។

ទោះជាយ៉ាងណាក៏ដោយ ចំពោះផ្នែកម៉ាស៊ីនរបស់វាមិនមានការផ្លាស់ប្តូរឡើយ ពោលគឺនៅតែប្រើម៉ាស៊ីនចំណុះ ២,០លីត្រ EcoBlue biturbo មានកម្លាំង ២១០សេះ និងកម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។

យ៉ាងណាមិញ ក្រុមហ៊ុន Ford មិនទាន់បានប្រកាសតម្លៃ និងពេលចេញលក់របស់វាឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;