ចិន ប្តូរចិត្ត​ភ្លាមៗ មិនធ្វើជាទឹកដីកណ្តាល​ប្រកួតជម្រុះ World Cup នោះទេ

  • 2021-06-01 02:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​បាល់ទាត់​ចិន (CFA) បាន​ប្រកាស​ម្សិលមិញថា ចិន​មិនអាច​ធ្វើជាទឹកដីកណ្តាល​នៃការប្រកួតវគ្គជម្រុះ World Cup 2022 ពូលA ក្នុងខែមិថុនា​នេះបានឡើយ ដោយសារតែ​ក្រុម២ក្នុងពូលនេះ មាន​កីឡាករ​ឆ្លងកូវីដ១៩។ ទីកន្លែងប្រកួត នឹង​ត្រូវផ្ទេរទៅធ្វើនៅក្រុងឌូបៃវិញ។

គួររំលឹកថា ចិនត្រូវបានជ្រើសរើស​ធ្វើជាទឹកដី​កណ្តាល​នៃការប្រកួតវគ្គជម្រុះ World Cup 2022 ពូលA ដែល​មាន​ក្រុមចូលរួម ស៊ីរី, ហ្វីលីពីន, ម៉ាល់ឌីវ និងកោះខ្វាម។ ការប្រកួតនេះ គ្រោងធ្វើឡើងនៅក្រុង ស៊ូចូវ ខេត្ត​ជាំងស៊ូ ដោយអនុញ្ញាតឱ្យអ្នកគាំទ្រ​នៅក្រៅប្រទេស អាចចូលទស្សនា​ដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក។

សេចក្តីថ្លែងការណ៍របស់ CFA បញ្ជាក់​ថា៖ «ដោយពិនិត្យ​ឃើញ​ការឆ្លងរាតត្បាត​នៅក្នុង​ក្រុមជម្រើសជាតិម៉ាល់ឌីវ និងស៊ីរី ពួកគេត្រូវតែធ្វើចត្តាឡីស័កយ៉ាងតឹងរឹង ពេលចូលមកដល់ និងមិន​អាចចូលរួម​ការប្រកួត​តាមការគ្រោងទុកឡើយ»។

CFA បន្តថា «យោងតាម​អនុសាសន៍ពី សហព័ន្ធកីឡាបាល់ទាត់អាស៊ី គឺ CFA យល់ស្របថា ការប្រកួតជម្រុះ​ដែលនៅសល់ នឹងមិនធ្វើនៅក្រុងស៊ូចូវឡើយ ដោយ​នឹងផ្ទេរទៅ​ក្រុងឌូបៃវិញ»។

​ បើតាម​ប្រភព​ព័ត៌មានចិន ក្រុមម៉ាល់ឌីវ និងស៊ីរី បាន​ធ្វើដំណើរទៅដល់ក្រុងឌូបៃរួចហើយ បន្ទាប់ពី​ត្រូវបដិសេធ​មិនឱ្យចូល​ប្រទេសចិន៕

ប្រភព៖ First Post

;