នាយករដ្ឋមន្រ្តីសិង្ហបុរី ថាកូវីដមិនរលាយបាត់ទេ តែនឹងធ្វើរឿងនេះវិញ ដោយប្រជាជនអាចទៅធ្វើការ ទៅសាលា និងជួបជុំគ្នាបាន
- 2021-06-01 03:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីសិង្ហបុរី ថាកូវីដមិនរលាយបាត់ទេ តែនឹងធ្វើរឿងនេះវិញ ដោយប្រជាជនអាចទៅធ្វើការ ទៅសាលា និងជួបជុំគ្នាបាន
ចន្លោះមិនឃើញ
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា សិង្ហបុរី ត្រូវតែត្រៀមខ្លួនរស់នៅជាមួយជំងឺកូវីដ១៩ ដោយលើកឡើងថា ជំងឺនេះនឹងមិនរលាយបាត់ឡើយ វានឹងនៅជាមួយពិភពលោកជាច្រើនឆ្នាំទៀត។
យ៉ាងណាមិញ ទោះជាកូវីដ១៩ មិនរលាយបាត់ក៏ដោយ តែលោកបញ្ជាក់ថា ប្រជាជនសិង្ហបុរី នឹងទទួលបានការវ៉ាក់សាំងជារៀងរាល់ឆ្នាំ ហើយបន្ថែមការធ្វើតេស្តរកកូវីដ១៩ ជាញឹកញាប់ ដោយសារតែឥឡូវការធ្វើតេស្តគឺរហ័ស និងងាយស្រួល។
ក្នុងន័យនេះ លោក លី ស៊ានឡុង អះអាងថា ប្រជាជនសិង្ហបុរី នឹងអាចចេញទៅធ្វើការ ឬទៅសាលារៀន ជួបមិត្តភក្តិក្រុមគ្រួសារ ចូលរួមពិធីសាសនា និងចូលទស្សនាព្រឹត្តិការណ៍កីឡា និងការកម្សាន្តនានា ដូចធម្មតា។
លោកនាយករដ្ឋមន្រ្តីបន្តថា៖ «យើងនឹងបើកព្រំដែនរបស់យើងដោយសុវត្ថិភាពឡើងវិញ។ ភ្ញៀវនឹងមកសិង្ហបុរីម្តងទៀត។ ប្រជាជនសិង្ហបុរី នឹងធ្វើដំណើរទៅប្រទេសនានាដែលគ្រប់គ្រងជំងឺនេះបានល្អប្រសើរ ជាពិសេសនៅពេលយើងចាក់វ៉ាក់សាំងបានរួចរាល់»។
លើសពីនេះ លោកលើកឡើងទៀតថា ប្រជាជននឹងចេញទៅទីសាធារណៈ ដោយមិនចាំបាច់ពាក់ម៉ាសទៀតឡើយ។
បើតាមលោក លី ស៊ានឡុង ឱ្យដឹងថា សិង្ហបុរី នឹងដកការរឹតត្បិតក្រោយថ្ងៃទី១៣មិថុនាខាងមុខ ខណៈស្ថានភាពកូវីដ១៩នៅក្នុងប្រទេសនេះ កាន់តែល្អប្រសើរ៕