ឡាន Highlander ម៉ូដែលពិសេស ជិះ១០០គ.មស៊ី៦លីត្រ ដាក់លក់តែជាង ៤ម៉ឺនស្តើង

  • 2021-06-03 02:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២២ ម៉ូដែលពិសេសថ្មី ហៅថា Bronze Edition ដែលនឹងចេញលក់នៅចុងឆ្នាំ២០២១ នេះតែម្តង។

ក្រុមហ៊ុន Toyota អះអាងថា រថយន្ត Toyota Highlander Bronze Edition ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៣ ៨៨០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៤៥ ៤៨០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Highlander Bronze Edition នឹងមានតែប្រភេទប្រើម៉ាស៊ីន Hybrid ប៉ុណ្ណោះ ហើយវាទទួលបានការតុបតែងមួយចំនួន ទាំងផ្នែកខាងក្រៅ និងខាងក្នុង ដោយរួមមានដូចជា យ៉ាន់កង់ទំហំ ១៨អ៊ីញពណ៌ទង់ដែង, ថ្នេរដេរក្នុងកាប៊ីន, កម្រាលជើង និង ឡូហ្គូពណ៌ទង់ដែងជាដើម។

ក្រៅពីនោះ វាក៏មានបំពាក់ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED, ឃ្លុបក្រោយ hand-free, ផ្លិតទឹកអូតូ, កញ្ចក់មើលក្រោយប្រភេទឌីជីថល, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting និងកៅអីអ្នកបើកសារ៉េបាន ១០បែប។

Highlander Bronze Edition ឆ្នាំ២០២២ ផ្តល់ទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ ព្រមទាំងអាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២៤០សេះ។ គួរឲ្យដឹងថា រថយន្ត SUV នេះមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;