គម្រោងសង់​ផ្លូវ ៤គន្លង ចំនួន​៤ខ្សែ ដែលបើកការដ្ឋានកាលពីរបីឆ្នាំមុន ឥឡូវ​ធ្វើបានប៉ុណ្ណាហើយ?

  • 2021-06-04 07:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវដែលសង់ដល់៤គន្លង ចំនួន៤ខ្សែ ដែលត្រូវបានបើកការដ្ឋាន​កាលពីឆ្នាំ២០១៨ និង ២០១៩ រួមមាន ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៥, ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានការសាងសង់ដូចតទៅ៖

១. ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅ កំពត

សម្រេចបាន ៩៨,០៤% ហើយគិតមកដល់ពេលនេះ និងគ្រោងបញ្ចប់ទាំងស្រុង​នៅខែកញ្ញា ២០២១ខាងមុខ។ ផ្លូវនេះ បើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៨។ គម្រោងនេះមានប្រវែង ១៣៤,៧៩គីឡូម៉ែត្រ បែងចែកជា២ដំណាក់កាល គឺទី១ ពីចោមចៅ ទៅ បែកគុស ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកតួផ្លូវដល់ ៤គន្លង និងទី២. ពីបែកគុស ទៅកំពត ប្រវែង ៦៤,៨២គីឡូម៉ែត្រ ពង្រីកតួផ្លូវដល់ ១២ម៉ែត្រតែរក្សា ២គន្លងដដែល។

២. ផ្លូវជាតិលេខ៥ បើកការដ្ឋាន​សាងសង់​ក្នុងឆ្នាំ២០១៨ ដែលត្រូវពង្រីកដល់៤គន្លង​ គិតត្រឹម​ចុងខែឧសភា ២០២១

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចបាន៩៧,៣០%។ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម ខេត្តពោធិ៍សាត់- បាត់ដំបង) ប្រវែង​សរុប ១៤៦,០៤ គីឡូម៉ែត្រ សម្រេចបាន៣៨,០៨%។ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម ខេត្តកណ្តាល – ធ្លាម្អម ខេត្ត​ពោធិ៍សាត់) ប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន៤៦,០៥%។

៣. ផ្លូវក្រវាត់ក្រុងទី៣ ដែ​ភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១

សម្រេចបាន ៥០% គិតត្រឹមខែឧសភា ឆ្នាំ២០២១ គ្រោងបញ្ចប់នៅខែកញ្ញា ២០២២ បន្ទាប់ពីបើកការដ្ឋាន​សាងសង់នៅថ្ងៃទី១៤ មករា ២០១៩។ ផ្លូវនេះមានប្រវែង ៥២,៩៨គីឡូម៉ែត្រ​ ទទឹង ២២ម៉ែត្រ (៤គន្លង)។

៤. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

សម្រេចបាន ៥១,៣៥% គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបើកការដ្ឋាន​នៅខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែងជាង ១៩០គីឡូម៉ែត្រ ទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ដោយមានផ្លូវរថយន្ត ៤គន្លង៕

អត្ថបទថ្មី
;