ចូ បៃឌិន បញ្ចេញសារដ៏សំខាន់​មុនចេញ​ទៅក្រៅប្រទេស​លើកដំបូង ពិសេស​មុនជួបពូទីន

  • 2021-06-07 03:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន​ បាន​បញ្ចេញ​សារ​រៀបរាប់​អំពី​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​ក្នុងនាមជាប្រធានាធិបតី ដែលគ្រោងធ្វើឡើង​នៅថ្ងៃទី៩ មិថុនាខាងមុខនេះ។

ក្នុងសារនោះបានឱ្យដឹងថា នៅថ្ងៃពុធខាងមុខនេះ លោក​នឹងចេញទៅ​អឺរ៉ុប ដោយគ្រោងនឹង​ជួបជាមួយដៃ​គូប្រជាធិបតេយ្យ​ដ៏ជិតស្និទ្ធិរបស់​អាមេរិក រួមមាន​ប្រទេស​ G7 សម្ព័ន្ធណាតូ និង​មេដឹកនាំ​សហភាពអឺរ៉ុប មុនជួប​ជាមួយ​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។

លោក​ បៃឌិន លើកឡើង​ថា ដំណើរទស្សនកិច្ចក្រៅប្រទេស ក្នុងអំឡុង​ពេលជំងឺរាតត្បាតនេះ គឺ​ជាការបង្ហាញ​ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះ​សម្ព័ន្ធមិត្ត និងដៃគូ និង​បង្ហាញ​សមត្ថភាព​ប្រជាធិបតេយ្យ ក្នុងការដោះស្រាយ​នូវ​ការគំរាម​កំហែង​នានា​នៃយុគសម័យថ្មីនេះ។

ជាមួយគ្នានោះ លោក​ក៏បាន​អួតអាងពីសមិទ្ធផល​របស់លោក​ដែល​បានកាន់តំណែង​ជាប្រធានាធិបតីអាមេរិក​ជិតកន្លះឆ្នាំ ដូចជាយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ការបង្កើតការងារ និងការងើបឡើងវិញ​នៃសេដ្ឋកិច្ចជាដើម។

លោកបៃឌិន បន្ថែម​ថា ក្នុងពេលជួប​លោក ពូទីន នៅក្រុងហ្សឺណែវ ប្រទេសស្វីស​ខាងមុខនេះ គឺ​លោក​នឹង​និយាយពីបញ្ហា​សន្តិសុខ​របស់អឺរ៉ុប ដែលរងការគំរាម​ពីរុស្ស៊ី និង​បញ្ហាអ៊ុយក្រែន ដើម្បីបង្ហាញ​ជំនឿចិត្តរបស់​មិត្តភក្តិអាមេរិក។ បៃឌិន សរសេរយ៉ាងដូច្នេះថា៖

«ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីពូទីន ខ្ញុំបាន​បញ្ជាក់​ដោយផ្ទាល់​ច្បាស់លាស់។ អាមេរិក មិន​ចង់​បង្កើតជម្លោះទេ។ យើង​រក្សា​ស្ថិរភាព និង​ទំនាក់ទំនង ដែល​យើង​អាច​ធ្វើការ​ជាមួយ​រុស្ស៊ី លើបញ្ហា​ដូចជា​ស្ថិរភាពយុទ្ធសាស្រ្ត និង​ការគ្រប់គ្រងអាវុធ»៕

ប្រភព៖ Washingtonpost

;