មន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន៖ សត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែកម្ពុជាមានចំនួនកើនឡើង

  • 2021-06-08 06:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ថា សត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរីរួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀតនៅតំបន់ភាគខាងកើតទន្លេមេគង្គក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វក្ងោកនេះតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោកក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោកដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។

ក្រសួងបរិស្ថានបរិស្ថានសូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូដែលបានរួម សហការគ្នាការការពារនិងអភិរក្សសត្វព្រៃ និងអរគុណដៃគូនានាដែលបានទិញឥណទានកាបូនពីដែនជម្រកសត្វព្រៃកែវសីម៉ា ដែលបានចូលរួមរការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ាមានភាពកាន់តែល្អប្រសើរ។ ច្រើនជាង ៣ភាគ៤នៃប្រភេទសត្វព្រៃត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាព ថេរឬល្អប្រសើរ។ ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូណ៌បែបនៃសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់តំបន់ការពារធម្មជាតិ។ ការការពារប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តច្បាប់ និងការរៀបចំផែណការអភិរក្សបានត្រឹមត្រូវ រួមនឹងការចូលរួមពីសហគមន៍ បានធ្វើឱ្យល្បាយនៃសត្វក្ងោកដែលជាសត្វកម្រនេះមានចំនួនកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។

លោកបានបន្ថែមថា យោងតាមរបាយការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសមគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អំពីស្ថានភាពសត្វព្រៃរយៈពេល ១០ ឆ្នាំ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ានេះ មានសត្វក្ងោកបៃតងចំនួន ៩៦៦ ក្បាលកំពុងរស់នៅ ហើយដែនជម្រកសត្វព្រៃកែវសីម៉ានៅតែជាតំបន់ដែលមានតម្លៃជីវៈចម្រុះខ្ពស់ដោយសារតែមានកំណត់ត្រាជីវៈចម្រុះខ្ពស់ជាងតំបន់ការពារផ្សេងទៀតក្នុងប្រទេស កម្ពុជា និងជាទីជម្រកនៃប្រភេទសត្វសំខាន់ៗជាសកលរួមទាំងមានពពួកពានរដែលជាប្រភេទជិតផុតពូជបំផុតនិងប្រភេទជិតផុតពូជច្រើនមជាងគេលើពិភពលោក។

តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥ ០០០ ទៅ ២០ ០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថាមានសត្វក្ងោកបៃតងដែលជាប្រភេទកម្រច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសមួយចំនួនទៀតដូចជាប្រទេសចិន ឥវៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ីត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម ១ ០០០ ក្បាលក្នុងប្រទេសនីមួយៗ។

កម្ពុជាមានសត្វក្ងោកចន្លោះពី ២ ០០០ ទៅ ៣ ០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ដែនជម្រកសត្វព្រៃកែវសីម៉ា មានចំនួន ៩៦៦ ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាងមានប្រមាណ ៥៧០ ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗ អាចមានចន្លោះពី៥០ ទៅ១០០ ក្បាល។

សត្វក្ងោកមានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល ២ ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមានដូចជា ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ វាអាចមានអាយុចាប់ពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ និងទំងន់ចាប់ពី ៤ ដល់ ៥ គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ សត្វក្ងោកតែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ។

សត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការបរបាញ់និងការដាក់អន្ទាក់ដើម្បីយកស្លាបនិងសាច់របស់វា។ ដើម្បីថែរក្សាប្រភេទពូជសាត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់៕

អត្ថបទថ្មី
;