អត្ថន័យ៥យ៉ាង នៃការរចនាកែវតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលដង្ហែយកទៅតម្កល់ក្នុងវិមានឈ្នះ ឈ្នះ

  • 2021-06-09 01:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្ថន័យនៃការរចនាកែវតំណក់ប្រេងដំបូងរបស់កម្ពុជាដែលដង្ហែយកទៅតម្កល់ក្នុងសារមន្ទីរវិមាននយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ មានដូចតទៅ៖

១. កែវតំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី ២៩ ដែលទទួលបានដំណក់ប្រេងរបស់កម្ពុជា។

២. ជើងពានត្របកឈូក តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ 12 សង់ទីម៉ែត្រ តំណាងឱ្យខែ ១២ឬខែធ្នូដែលទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជា។

៣. ពានជើងសឹង្ហ ឬឋានជើងបាតតំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកំពស់ ២០សង់ទីម៉ែត្រសំណាងឱ្យឆ្នាំ ២០២០ដែលទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជា។

៤. ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឱ្យតេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវតំណក់ប្រេងរបស់កម្ពុជា។

៥. និមិត្តរូបរួមនៃតំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕

;