​តុលាការរៀបរាប់ហូរហែថា ចម្លើយ​ឧកញ៉ារងគ្រោះ​មិន​ច្បាស់លាស់ ទី​បំផុត​សម្រេច​ទម្លាក់​បទ​ចោទ​លើ​ពិធី​ការិនីហើយ!

  • 2021-06-09 05:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្ដី​ក្ដាំ​រវាង​ពិធី​ការិនី មាន ពេជ្រ​រីតា ហៅ​យូប៊ី ជាមួយ​លោក​ឧកញ៉ា ហេង សៀ ដែល​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​ដោយ​អ្នក​ខ្លះ​គិត​ថា​សំណុំ​រឿង​នេះ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​ស្ងាត់​ៗ​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ស្រាប់​តែ​តុលាការ​ចេញ​សេចក្ដី​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​លើ​កញ្ញា មាន ពេជ្រ​រីតា។

សេចក្ដី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្រាស់​៦​ទំព័រ​ដោយ​មាន​សំអាង​ហេតុ​ជា​ច្រើន ចំណុច ដើម្បី​ឈាន​ដល់​ការ​ដោះ​បន្ទុក​លើ​កញ្ញា មាន ពេជ្រ​រីតា ដែល​ដំបូង​ឡើង​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ពី​បទ "លួច​មាន​ស្ថាន​ទម្ងន់​ទោស" ប៉ុន្តែ​ក្នុង​នោះ ខ្លឹមសាររួម​បាន​លើក​ឡើង​ថា ចម្លើយ​របស់​អ្នក​រងគ្រោះ​ដាក់​បន្ទុក​ទៅ​លើ​ពិធីការិនី​ត្រូវ​ចោទ មាន​ភាព​មិន​ច្បាស់​លាស់។ ផ្ទុយ​ទៅ​វិញ ចម្លើយ​របស់​ជនត្រូវចោទ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​អង្គហេតុ​ច្រើន​ជាង។

ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បាន​លើក​សេចក្ដី​សន្និដ្ឋាន​មួយ​ថា ការយកកាំបិតចុងស្រួច​ចេញ​ពីកាបូប​មក​គ្រវាស​ចុះឡើង ឬ​ចាក់​លើ​ជន​រងគ្រោះ គឺជា​ការ​ការពារ​ខ្លួន​ក្នុង​សភាព​ចាំបាច់ និងមាន​តុល្យភាព ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​អំពើ​ឈ្លានពាន​មួយ​ដែល​មិន​ត្រឹម​ត្រូវ។ តុលាការ​ក៏​សម្រេច​ប្រគល់​ទូរស័ព្ទ​ IPhone 11 Pro max ពណ៌​ទឹក​មាស​បែក​អេក្រង់(មិន​ប្រក្រតី) ឱ្យ​ទៅ​ ម្ចាស់​ដើម​ ឈ្មោះ​ ហេង​ សៀ​ វិញ។ រីឯ​កូន​កាំបិត​ចុង​ស្រួច ដង​ពណ៌​ខ្មៅ​ដែល​ជា​វត្ថុ​តាង​នោះ ត្រូវ​បាន​តុលាការ​រឹបអូស​យក ដោយ​យើង​លើ​ក្រម​នីតិ​វិធី​ព្រះទណ្ឌ។

សូម​រំលឹក​ថា ក្ដីក្ដាំ​រវាង​កញ្ញា មាន ពេជ្រ​រីតា និង​ឧកញ៉ា ហេង សៀរ បាន​កើត​ឡើង​ក្រោយ​បែក​ធ្លាយ​នូវ​ទំនាក់ទំនង​ស្នេហា​លួច​លាក់​មួយ។ ភ្លាម​ៗ​នោះ​លោក​ឧកញ្ញា បាន​ប្ដឹង​ពិធី​ការិនី​រូប​នេះ​ពី​បទ​"លួច​ទូរស័ព្ទ​ដៃ ដោយ​ហិង្សា។ ក្រោយ​មក​ទៀត​កញ្ញា មាន ពេជ្រ​រីតា ក៏​ប្ដឹង​បក​វិញ​ពី​បទ"​បៀតបៀន​កេរខ្មាស"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;