សម្តេច ហ៊ុន សែន៖ យើងគោរពឯករាជ្យរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ដល់ការលំបាករបស់រាជរដ្ឋាភិបាលផងដែរ
- 2021-06-10 01:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ យើងគោរពឯករាជ្យរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ដល់ការលំបាករបស់រាជរដ្ឋាភិបាលផងដែរ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញសារជាសំឡេងបន្ទាន់យប់មិញ ដោយបញ្ជាឱ្យអភិបាលរាជធានីខេត្តលុបចោលគម្រោងប្រមូលផ្តុំមនុស្សរៀនសូត្របោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបចោលការបោះឆ្នោតសាកល្បងនេះផងដែរ ដោយលើកឡើងថា គ.ជ.ប ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល ក្នុងស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវតែចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ ការប្រមូលប្រជាជនណាមួយមកជួបជុំ ដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ»។
សម្តេចបន្តថា៖ «យើងគោរពទៅដល់ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវតែយល់កិច្ចការដ៏លំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ ក៏ដូចជាការយល់ដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងសម្ពាធនៃការវ៉ៃលុកនៃកូវីដ១៩ ក៏ដូចជាខិតខំស្តារឡើងវិញនូវជីវភាព សេដ្ឋកិច្ចសង្គម»។
សូមជម្រាបថា ចំពោះសំណើរបស់សម្តេច ហ៊ុន សែន គឺត្រូវបាន គ.ជ.ប យល់ព្រម ដោយសម្រេចលុបចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃរាជធានីខេត្តទាំងអស់ទូទាំងប្រទេស៕