ពូទីន ទម្លាយរឿង ៥យ៉ាងដែលបានពិភាក្សាជាមួយ បៃឌិន
- 2021-06-17 02:21:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន ទម្លាយរឿង ៥យ៉ាងដែលបានពិភាក្សាជាមួយ បៃឌិន
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងក្នុងសន្និសីទកាសែតក្រោយជំនួបជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៦ មិថុនា ២០២១ថា ជំនួបនេះគឺទទួលបានផ្លែផ្កា ហើយប្រទេសទាំង២ យល់ព្រមដាក់ឯកអគ្គរដ្ឋទូតឡើងវិញ។
លោក ពូទីន បានបញ្ជាក់ពីចំណុចសំខាន់ៗ ៥យ៉ាង ក្នុងជំនួបជាមួយលោក បៃឌិន ដូចខាងក្រោម៖
-ការវាយប្រហារតាមអ៊ីនធើណែត (Cyber)៖ ភាគីទាំង២ ឯកភាពបើកការប្រឹក្សាអំពីការវាយប្រហារតាមអ៊ីនធើណែត។ លោកថា ការវាយប្រហារតាមអ៊ីនធើណែតភាគច្រើនបំផុតនាពេលបច្ចុប្បន្ន គឺកើតចេញពីអាមេរិក។
-ការគ្រប់គ្រងអាវុធ៖ លោកពូទីន បានកោតសរសើរដល់ការសម្រេចចិត្តរបស់ បៃឌិន ក្នុងការពន្យារសន្ធិសញ្ញានុយក្លេអ៊ែរ New START ដោយលោកថា ក្រសួងការបរទេសទាំង២ នឹងបើកកិច្ចពិភាក្សាគ្រប់កម្រិតអំពីសន្តិសុខនុយក្លេអ៊ែរ។
-អ៊ុយក្រែន៖ ប្រធានាធិបតីទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ដោយគ្រាន់តែនិយាយថា កិច្ចព្រមព្រៀងក្រុង Minsk ត្រូវអនុវត្តរហូតដល់បញ្ចប់សង្គ្រាមនៅ Donbass។ លោកពូទីន ក៏បានចោទអាមេរិកថា មានគោលនយោបាយការបរទេសដែលមិនអាចស្មានទុកបាន និងតែងចោទរុស្ស៊ីថា ជាអ្នកគាំទ្ររដ្ឋប្រហារនៅអ៊ុយក្រែន ក្នុងឆ្នាំ២០១៤។
-មេបក្សប្រឆាំងរុស្ស៊ី Navalny៖ លោកពូទីន បានចោទលោក Navalny ថា ធ្វើបដិវត្តន៍ ហើយបានប្រដូចការធ្វើបាតុកម្មតាមដងផ្លូវដឹកនាំដោយមេបក្សប្រឆាំងរូបនេះ ទៅនឹងបាតុកម្មប្រឆាំងនឹងការរើសអើងជនជាតិស្បែកខ្មៅនៅអាមេរិក។
-សិទ្ធិមនុស្ស៖ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះលោក ពូទីន បានកត់សម្គាល់ថា លោក បៃឌិន និងលោក ដូណាល់ ត្រាំ មានទស្សនៈខុសគ្នាលើបញ្ហានេះ។ លោកពូទីន បានវាយបកទៅអាមេរិកវិញថា មានកំណត់ត្រាបំពានសិទ្ធិមនុស្សដ៏អាក្រក់ ដូចជានៅជំរំឃុំឃាំង Guantanamo Bay និងអំពើហិង្សាដោយបាញ់កាំភ្លើង ក្នុងទឹកដីសហរដ្ឋអាមេរិក៕
ប្រភព៖ Axios