គ្រូពេទ្យរាប់រយនាក់នៅប្រទេសអាស៊ានមួយនេះឆ្លងកូវីដ ទោះចាក់ Sinovac គ្រប់២ដូសហើយក៏ដោយ
- 2021-06-17 08:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យរាប់រយនាក់នៅប្រទេសអាស៊ានមួយនេះឆ្លងកូវីដ ទោះចាក់ Sinovac គ្រប់២ដូសហើយក៏ដោយ
ចន្លោះមិនឃើញ
គ្រូពេទ្យជាង ៣៥០នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឆ្លងកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំង Sinovac គ្រប់២ដូសរួចមកហើយ ក្នុងនោះរាប់សិបនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ស្ថានភាពនេះ ធ្វើឱ្យគេបារម្ភពីប្រសិទ្ធភាពរបស់ Sinovac ក្នុងការការពារពីវីរុសបម្លែងថ្មី។
លោកបណ្ឌិត Badai Ismoyo ប្រធានការិយាល័យសុខាភិបាលស្រុក Kudus នៅកោះជ្វា បាននិយាយថា គ្រូពេទ្យភាគច្រើនបានចេញរោគសញ្ញា និងដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះ ប៉ុន្តែក៏មានច្រើននាក់ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារក្តៅខ្លួនខ្លាំង និងខ្វះអុកស៊ីហ្សែន។
ស្រុក Kudus ដែលជាកន្លែងផ្ទុះកូវីដ១៩ខ្លាំង ត្រូវបានជឿជាក់ថា ភាគច្រើននៃការឆ្លងគឺជាវីរុស Delta (មានប្រភពនៅឥណ្ឌា)។
គ្រូពេទ្យទាំងនេះ សុទ្ធតែទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង Sinovac ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ កាលពីខែមករា ឆ្នាំ២០២១។
កាលពីខែមុន រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac ដោយសិក្សាទៅលើបុគ្គលិកពេទ្យ ២៥ ៣៧៤នាក់ ក្រោយចាក់លើកទី២ រយៈពេល ២៨ថ្ងៃ បង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ១០០% ការពារមិនឱ្យស្លាប់ដោយសារជំងឺកូវីដ១៩ និងប្រសិទ្ធភាព ៩៦% មិនចាំបាច់ចូលមន្ទីរពេទ្យព្យាបាលទោះឆ្លងក៏ដោយ។ លោកនិយាយថា ៩៤% នៃបុគ្គលិកពេទ្យទាំងនេះ គឺត្រូវបានការពារពោលគឺភាពសុំា ពីការឆ្លងមេរោគនេះ ដែលជាលទ្ធផលដ៏អស្ចារ្យមួយហួសពីអ្វីដែលបានរំពឹងទុក ក្នុងអំឡុងការចាក់សាកល្បងគ្លីនីកកន្លងទៅ។
យ៉ាងណាមិញ លោកមិនទាន់អាចបញ្ជាក់នៅឡើយថាតើវ៉ាក់សាំង Sinovac អាចការពារការឆ្លងវីរុសបម្លែងថ្មីយ៉ាងណានោះទេ ដោយលោកគ្រាន់តែលើកឡើងថា ឥណ្ឌូណេស៊ីមិនទាន់មានការផ្ទុះករណីឆ្លងវីរុសបម្លែងថ្មីទ្រង់ទ្រាយធំនោះទេ៕