ខេត្តកំពតមានភ្ញៀវទេសចរជិត ២ម៉ឺននាក់ទៅកម្សាន្តនៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា

  • 2021-06-21 04:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ជូនសាធារណជន នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងយ៉ាងដូច្នេះថា «នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ»។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់
  • ខេត្តកំពត៖ ១៩,៤១៦ នាក់
  • ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់
  • ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់
  • ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់
  • ខេត្តកែប៖ ៨,៣៤០ នាក់។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា «គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ»៕

ប្រភព៖ រីក្រសួងទេសចរណ៍

អត្ថបទថ្មី
;