Sinovac ឆ្លើយតប​រឿងគ្រូពេទ្យ​ឥណ្ឌូណេស៊ី​រាប់រយនាក់​ចាក់វ៉ាក់សាំង​ហើយ ឆ្លងកូវីដទៀត

  • 2021-06-25 01:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីសប្តាហ៍មុន គ្រូពេទ្យ​ឥណ្ឌូណេស៊ី ជាង៣០០នាក់ នៅស្រុក Kudus កោះជ្វា ត្រូវបានរាយការណ៍ថា បាន​ឆ្លងកូវីដ១៩ បើទោះបីជាបាន​ចាក់វ៉ាក់សាំង Sinovac គ្រប់២ដូសហើយក៏ដោយ។

ឆ្លើយតប​នឹងបញ្ហានេះ ក្រុមហ៊ុន Sinovac បាន​បញ្ជាក់​កាលពីថ្ងៃទី២២ មិថុនាថា វ៉ាក់សាំងរបស់ខ្លួន មិនអាចការពារ ១០០% មិនឱ្យឆ្លងនោះទេ ប៉ុន្តែវា​អាចកាត់​បន្ថយការឆ្លង និងមាន​ប្រសិទ្ធភាព​ការពារមិនឱ្យស្លាប់ដោយសារជំងឺនេះ។

បន្ថែមពីនេះ បើតាមលោក Badai Ismoyo ប្រធាន​ការិយាល័យ​សុខាភិបាលស្រុក Kudus ​អះអាងថា ក្នុងចំណោមគ្រូពេទ្យ​ប្រមាណ ៦ពាន់​នាក់ដែលបានចាក់វ៉ាក់សាំង គឺមានតែ​ជាង ៣០០នាក់នេះ​ប៉ុណ្ណោះ​ដែលឆ្លងកូវីដ១៩ ឬប្រហែល ៥,១%។ ភាគច្រើន​នៃអ្នកដែលបានឆ្លង គឺ​ជាសះស្បើយហើយ និងចាប់ផ្តើម​ធ្វើការងារឡើងវិញ។

ស្រុក Kudus ដែល​ជាកន្លែងផ្ទុះកូវីដ១៩ខ្លាំង ត្រូវបាន​ជឿជាក់ថា ភាគច្រើន​ជាការឆ្លងគឺជាវីរុស Delta (មានប្រភពនៅ​ឥណ្ឌា)។

គ្រូ​ពេទ្យទាំងនេះ សុទ្ធតែទទួលបាន​អាទិភាព​ក្នុងការចាក់វ៉ាក់សាំង Sinovac ក្នុងពេលបើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ថ្នាក់ជាតិ កាលពីខែមករា ឆ្នាំ២០២១។

កាលពី​ខែមុន រដ្ឋមន្រ្តី​សុខាភិបាលឥណ្ឌូណេស៊ី បាន​បញ្ជាក់ពី​ប្រសិទ្ធភាព​វ៉ាក់សាំង Sinovac ដោយ​សិក្សា​ទៅលើបុគ្គលិកពេទ្យ​ ២៥ ៣៧៤នាក់ ក្រោយ​ចាក់លើកទី២ រយៈពេល ២៨ថ្ងៃ បង្ហាញថា វ៉ាក់សាំងនេះ​មានប្រសិទ្ធភាព​ ១០០% ការពារមិនឱ្យស្លាប់ដោយសារ​ជំងឺកូវីដ១៩ និង​ប្រសិទ្ធភាព ៩៦% មិនចាំបាច់​ចូលមន្ទីរពេទ្យព្យាបាល​ទោះឆ្លងក៏ដោយ។ លោក​និយាយថា ៩៤% នៃ​បុគ្គលិក​ពេទ្យ​ទាំងនេះ គឺ​ត្រូវបានការពារ​ពោលគឺ​ភាពសុំា ពីការ​ឆ្លងមេរោគនេះ ដែល​ជាលទ្ធផលដ៏​អស្ចារ្យមួយ​ហួសពីអ្វី​ដែល​បាន​រំពឹងទុក ក្នុងអំឡុងការ​ចាក់សាកល្បងគ្លីនីក​កន្លងទៅ។ យ៉ាងណាមិញ លោក​មិនទាន់អាចបញ្ជាក់​នៅឡើយថាតើ​វ៉ាក់សាំង Sinovac អាច​ការពារ​ការឆ្លងវីរុសបម្លែងថ្មីយ៉ាងណានោះទេ ដោយលោក​គ្រាន់តែលើកឡើងថា ឥណ្ឌូណេស៊ីមិនទាន់មានការផ្ទុះករណីឆ្លងវីរុសបម្លែងថ្មីទ្រង់ទ្រាយធំនោះទេ៕

ប្រភព៖ Global Times

អត្ថបទថ្មី
;