កម្ពុជាសម្រេចយកខេត្តនេះ ជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

  • 2021-06-28 02:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមានប្រសាសន៍ កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។

គួរបញ្ជាក់ថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

អត្ថបទថ្មី
;