តំបន់អាទិភាពចំនួន ៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
- 2021-06-30 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់អាទិភាពចំនួន ៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពសំខាន់ៗចំនួន៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើរបាយការណ៍ បូកសរុបលទ្ធផលនៃការរៀបចំផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
តំបន់អាទិភាពសំខាន់ៗទាំង ៦ រួមមាន៖
ទី១៖ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។
ទី២៖ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។
ទី៣៖ ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។
ទី៤៖ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
ទី៥៖ តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាព ទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ។
ទី៦៖ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។
ប្រភព៖ ក្រសួងទេសចរណ៍