អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក

  • 2021-07-07 02:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

ខាងក្រោមនេះជាដំណើរដើមទងត្រួសៗ នៃការដាក់ប្រាសាទព្រះវិហារចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក យូណេស្កូ នៅទីក្រុងប៉ារីស។

នៅថ្ងៃទី២៣ ដល់ ២៩ ខែតុលា ឆ្នាំ២០០៦ ក្រុមបេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានមកធ្វើទស្សនកិច្ចសិក្សា និងវាយតម្លៃនៅប្រាសាទព្រះវិហារ។

បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានអនុម័តសំណើចុះបញ្ជីប្រាសាទព្រះវិហារ។

នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសណូវែលហ្សឺឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ។ គ្រានោះ គណៈកម្មាធិការបានទទួលស្គាល់ថា ប្រាសាទព្រះវិហារមានសារសំខាន់ជាអន្តរជាតិ ហើយយល់ព្រមជាគោលការណ៍ ចំពោះការប្រកាសដែលត្រូវតែដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ទីបំផុតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំ លើកទី៣២។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សរ៍ទី១១ ដល់ ១២។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក មានចម្ងាយ ៤០៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

អត្ថបទថ្មី
;