ប្រធានាធិបតីហៃទី ត្រូវបាន​គេលបធ្វើឃាតផ្តាច់ជីវិត

  • 2021-07-08 03:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jovenel Moise ប្រធានាធិបតិ​នៃប្រទេសហៃទី វ័យ៥៣ឆ្នាំ ត្រូវបាន​គេលបបាញ់​សម្លាប់​ នៅផ្ទះរបស់លោក នាថ្ងៃទី៧ កក្កដា ២០២១។ ភរិយារបស់លោក ក៏ត្រូវគ្រាប់ដែរ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយមានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតទេ។

ឯកអគ្គរដ្ឋទូតហៃទី​ប្រចាំសហរដ្ឋអាមេរិក លោក Bocchit Edmond ឱ្យដឹងថា ប៉ូលិសហៃទី បាន​ឃុំខ្លួនជនសង្ស័យ២នាក់ និង​បានសម្លាប់​មនុស្ស ៤នាក់​ដែលពាក់ព័ន្ធនឹងការធ្វើឃាតនេះ។ «យើងកំពុងរង់ចាំមើលថាតើយើងអាចកំណត់​បាននរណាខ្លះ​ដែល​ចូលរួម​ក្នុងសកម្មភាពដ៏រន្ធត់នេះ»។

លោកឯកអគ្គរដ្ឋទូត អះអាងថា ជនសង្ស័យដែលត្រូវបានបាញ់​សម្លាប់ និងចាប់ខ្លួន គឺជាជនបរទេស ហើយ​ប៉ូលិស​កំពុងតែកំណត់​អត្តសញ្ញាណថា​ពួកគេជាជនជាតិអ្វី។ លោកជឿជាក់ថា ជនសង្ស័យ​បាន​ទទួលជំនួយពី​ក្រុមជាតិនិយមហៃទី ដោយបានកត់សម្គាល់ពីរថយន្ត​ដែលជនសង្ស័យប្រើប្រាស់ សម្រាប់​ជិះទៅសម្លាប់​ប្រធានាធិបតី។

គួរដឹងថា នៅដើមឆ្នាំ២០២១នេះ មានការផ្ទុះបាតុកម្មដ៏ធំនៅទូទាំងប្រទេសហៃទី បន្ទាប់ពី​ប្រធានាធិបតី Moise ច្រានចោល​ដីការតុលាការដែលថា​អាណត្តិ​របស់លោក​បាន​បញ្ចប់ ដោយអះអាងថា លោក​សល់ពេល១ឆ្នាំទៀត៕

ប្រភព៖ CNN

អត្ថបទថ្មី
;