ប្រាសាទដែលដួលរលំស្ទើរទាំងស្រុងត្រូវបានជប៉ុនជួសជុលសម្រេចបាន ៦០ភាគរយហើយ

  • 2021-07-19 00:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុនកំពុងដំណើរការជួសជុលតួកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ។ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។

លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ចាប់ពីការចាប់ផ្តើមអនុវត្តគម្រោងជួសជុលតួកណ្តាលប្រាសាទតុបខាងលិចពីឆ្នាំ២០១៧ រហូតដល់ពេលនេះ យើងបានធ្វើកិច្ចការសំខាន់ៗជាច្រើនទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយរុះរើទាំងស្រុងតួប៉មកណ្តាលចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោងនៅផ្នែកខាងក្រោម ដែលជាចំណុចបង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប៉មឡើងវិញទៅតាមលំនាំដើមទាំងស្រុង។

ក្នុងការរៀបផ្គុំឡើងវិញនេះ យើងបានប្រើប្រាស់ថ្មថ្មីប្រហែលពី ២០ ទៅ២៥ភាគរយជំនួសថ្មចាស់ដែលពុកផុយ និងបាត់បង់(ថ្មថ្មីដែលយកជំនួសយើងមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ)។ គម្រោងនេះគ្រោងនឹងបញ្ចប់នាអំឡុងខែមិនាឆ្នាំ២០២២ខាងមុខ។

លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូង និងខាងជើងរបស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ ជាបន្តបន្ទាប់ទៀតក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ា នឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញព្រមទាំងខឿនមុខប្រាសាទបន្តទៀត។

ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ(ទិសនិរតីនៃប្រាសាទបាយ័ន្ត) ជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប៉ម៣នៅលើខឿនតែមួយបែរមុខទៅទិសខាងកើត។ ប្រាសាទនេះគេយល់ថាសម័យដែលសាងនោះគឺសតវត្សរ៍ទី១០។ ប៉ុន្តែប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃគជាការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;