ទីផ្សារ​សិល្បៈ​មាន​រហូត​សម្រាប់ ឌីជេ កាកា ទោះ​បី​មាន​បញ្ហា​កូវីដ ឥឡូវ​បែរ​ជា​បង្ហាញ​ខ្លួន​ដឹក​អីវ៉ាន់​តាម​ផ្ទះ​វិញ

  • 2021-07-20 04:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឌីជេ កាកា អាច​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​បែប​កំប្លែង​ជួរ​មុខ​មុខ​របស់​កម្ពុជា ពោល​គឺ​ស្ថិតនៅ​លំដាប់ ឬ​ក្នុង​ចង្កោម​តារា​កំប្លែង​ល្បី​ៗ​ដូច​ជា​នាយ​គ្រឿន និង​នាយ​ពាក់​មី​ជា​ដើម ព្រោះ​គេ​សង្កេត​ឃើញ​ថា​បើ​ទោះ​បី​ជា​កម្ពុជា​វាយ​លុក​ដោយ​ជំងឺ​កូវីដ-១៩ អស់​រយៈ​ពេល​ជាង​២​ឆ្នាំ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​គ្រាន់បើ។

មាន​ប្រភព​ខ្លះ​បង្ហើប​ថា ឌីជេ កាកា មាន​ជីវភាព​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​មាន​ឡាន​ជិះ​ទៀត​ផង។ ប៉ុន្តែ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​លោក​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល និង​សង្វេគ​ក្នុង​ចិត្ត​អាណិត​តារា​រូប​នេះ​ទៅ​វិញ ក្រោយ​ពី​បាន​ឃើញ​រូប​ថត​១​សន្លឹក​ដែល​បង្ហោះ​ដោយ​លោក​ផ្ទាល់​កាល​ពី​ថ្ងៃ១៩ ខែ​កក្កដា ឆ្នាំ​២០២១។ រូប​នោះ គេ​ឃើញ​លោក​ស្ថិតនៅ​ក្នុង​ស្ថានភាព​តោកយ៉ាក ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង ដោយ​ធ្លាក់​ខ្លួន​ដឹក​អីវ៉ាន់​ដើរ​ដាក់​តាម​ផ្ទះ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរៈ ប៊ុនថាំ។

គិត​ចាប់​ពី​ពេល​ដែល​លោក​បង្ហោះ​សារ ដោយ​មាន​ភ្ជាប់​រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី២០ ខែ​កក្កដា នេះ Sabay មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​តារា​រូប​នេះ​បាន​នៅ​ឡើយ​ទេ ថា​តើ​នេះ​គឺ​ស្ថានភាព​ជីវភាព​ពិត​ប្រាកដ​របស់​លោក​បច្ចុប្បន្ន ឬ​គ្រាន់​តែ​ជា​រូប​ថត​ក្នុង​ឈុត​ឆាក​សម្ដែង​ក្នុង​រឿង​ណា​មួយ​ទេ? ប៉ុន្ដែ​ភ្ជាប់​ជាមួយ​រូប​ថត​នោះ លោក​បាន​សរសេរ​ថា៖"ស៊ូៗ​ដើម្បី​ជីវិត​ពេល​ឥឡូវ​នេះ"។

ទោះ​ជា​យ៉ាង​ណា តាម​រយៈ​Comentជា​ច្រើន​នៅ​លើ​រូបភាព​ដែល​បាន​បង្ហោះ​នោះ មាន​អ្នក​គាំទ្រ​តិច​ណាស់​ដែល​ជឿ​ថា​នេះ​ជា​ស្ថានភាព​ពិត​ប្រាកដ​របស់​ឌីជេ កាកា។ ពួកគេ​សន្និដ្ឋាន​ថា វា​គ្រាន់​តែ​ជា​ឈុត​សម្ដែង​មួយ​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​ម្នាក់​ចូល​ទៅ​សរសេរ​ថា៖"បង​សម្ដែង​ឈុត​ដឹក​ស្រោម​ឲ្យ​ថៅកែ​ប្រុស តែ​ច្រឡំ​យក​ឲ្យ​ថៅកែ​ស្រី​នៅ​ផ្ទះ"។ ឌីជេ កាកា ក៏​ឆ្លើយតប​ភ្លាម​ថា"ដឹង​ម៉េស?" ហើយ​ម្ចាស់​ចម្លើយ​នោះ​ក៏​ឆ្លើយ​វិញ​ថា៖"សាក​ទាយ​តើ​បង បើ​ឈុត​អីចឹង​មែន​សើច​ម៉េច​ទៅ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;