ក្រសួង​ទទួល​ពិនិត្យ​សំណូមពរ​របស់​តំណាងឡានដឹកជញ្ជូន ដែល​សុំដឹកលើសទម្ងន់ខុស​ពីច្បាប់

  • 2021-07-21 01:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី២០កក្កដា បានដឹកនាំគណៈប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

តំណាងរបស់យានយន្តដឹកជញ្ជូនទាំង ៥រូបបានស្នើសុំដំណោះស្រាយ ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖

១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។

២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា

៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប លោក​ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូន​លោក​ទេសរដ្ឋមន្រ្តីដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;