ច្បាស់ហើយ! រដ្ឋមន្រ្តី​សាធារណការប្រកាស​អនុវត្ត​ដកពិន្ទុបណ្ណបើកបរ ចាប់ពីថ្ងៃ១មករា២០២២

  • 2021-07-21 06:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ប្រកាស​ឱ្យដឹងថា ការអនុវត្ត​ការដកពិន្ទុ​បណ្ណបើកបរ នឹង​ធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងពិធី​បើកឱ្យដំណើរការ​ជាផ្លូវការ​មណ្ឌល​ផ្តល់សេវា​សាធារណៈ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តីបាន​ថ្លែងយ៉ាងដូច្នេះថា៖

«យើងទាំងអស់​គ្នា មានបណ្ណបើកបរ គេឱ្យ​ ១២ពិន្ទុ។ ប៉ុន្តែបើយើង​បើកបរលើសល្បឿនកំណត់ គេដកប៉ុន្មានពិន្ទុទៅ អត់ពាក់ខ្សែក្រវាត់ ផាកពិន័យហើយ ដកពិន្ទុទៀត។ ដូច្នេះ​ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនគរបាលជាតិ សហការ​គ្នាល្អណាស់ បានធ្វើ app មួយដ៏ល្អឥតខ្ចោះ ថ្ងៃស្អែក​ខ្ញុំនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម សុំការពិនិត្យ។ បើសម្តេចឯកភាពហើយ យើងបញ្ចប់ app ហ្នឹងហើយ យើងចាប់ផ្តើមផ្សព្វផ្សាយ​អំពីការប្រើប្រាស់ និងបង្រៀន​នគរបាលយើងឱ្យប្រើប្រាស់ app នេះ ផ្សព្វផ្សាយទៅប្រជាពលរដ្ឋយើងថា ថ្ងៃ១ ខែ១ (មករា) ឆ្នាំ២០២២ យើងនឹង​អនុវត្ត​ការដកពិន្ទុហើយ»។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ៕

អត្ថបទថ្មី
;