ទូតគុយបាប្រាប់​កម្ពុជាថា ប្រទេសខ្លួន​បានរកឃើញ​វ៉ាក់សាំង​ ៥មុខ

  • 2021-07-21 09:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបាប្រចាំនៅព្រះរាជាណាកម្ពុជា បានជម្រាបជូនពីស្ថានភាពមួយចំនួនក្នុងប្រទេសគុយបា ដោយមានគេកំពុងតែមូលបង្កាច់ពីសភាពការណ៏ពិតនៅក្នុងប្រទេសគុយបា ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសគុយបា បានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ មានចំនួន ៥ មុខ ក្នុង នោះមានចំនួន ២មុខ បាននឹងកំពុងចាក់ជូនដល់ប្រជាជនគុយបាទូទៅ ប៉ុន្តែមានគេលាក់បាំង ហេីយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដើម្បីបញ្ចប់ការដឹកនាំរបស់រដ្ឋាគុយបា នាពេលបច្ចុប្បន្ននេះ ដោយយកលេសថាប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន ។

លោកស្រីបន្តថា ក្រុមបាតុករទាំងនោះ បានទៅវាយកម្ទេចហាងលក់ទំនិញជាច្រេីនកន្លែង ដោយពិនិត្យឃើញថា អ្នកអត់ឃ្លានទាំងនោះ មិនមែនត្រឹមតែយកម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងបានយករបស់របរដូចជា ទូរទស្សន៍ រួមជាមួយគ្រឿងប្រណិតផ្សេងៗជាច្រេីនទៀត ដែលផ្ទុយពីការដែលគេចោទថា ដោយសារប្រជាជនភាពអត់ឃ្លាន។

លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស បានជម្រាបជូនថា មានប្រជាជនគុយបា ជាច្រើនបានងេីបឡេីងធ្វើការប្រឆាំងតបត ទៅនិងក្រុមដែលបានធ្វើការមូលបង្កាច់ដោយ ឥតអៀនខ្មាស់ទាំងនោះ ។ ដូច្នេះហេីយលោក​ស្រី ចង់ឱ្យប្រជាជនកម្ពុជា និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា បានយល់ដឹងច្បាស់លាស់ ពីស្ថានភាពពិតនៅក្នុងប្រទសគុយបា ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ដែរថា ប្រទេសកម្ពុជា ក៏ធ្លាប់បានជួបបញ្ហាដូចនេះដែរ ពិសេសមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ក្រោយពេលមានការផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត ដែលជាប្រការមួយដ៏លំបាក ក្នុង ការអភិវឌ្ឍប្រទេស។ ប៉ុន្តែនៅពេលដែលមានអ្នកមិនយល់ គេចោទថា ដោយសាររដ្ឋាភិបាល តែការពិត នៅពេលដែលមានការរាំងខ្ទុប មិនអោយប្រទេសមួយមានទំនាក់ទំនងជាប្រក្រតីផ្នែកពាណិជ្ជកម្ម និងការផ្លាស់ទំនិញផ្សេងៗជាមួយប្រទេសផ្សេងៗទៀតនោះ គឺជាមូលហេតុធំ សម្រាប់ដំណេីរការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសគុយបា គឺធ្លាប់ត្រូវបានគេ ហ៊ុំព័ទ្ធសេដ្ឋកិច្ចអស់រយះពេល ៦០ ឆ្នាំ ដែលធ្វើអោយដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិ ជួបការលំបាក។

ឆ្លៀតក្នុងឱកាសនោះ លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើង​ថា ប្រទេសកម្ពុជា បានសម្តែង​ការអរគុណចំពោះប្រទេសគុយបា ដែលនៅក្នុងដំណាក់កលប្រទេសកម្ពុជា បានរំដោះរួចផុតពីរបបខ្មែរក្រហម ក្នុងគ្រាដ៏លំបាក តែប្រទេសគុយបា ផ្តល់ជំនួយមកដល់ប្រទេស កម្ពុជា ជាពិសេសបានបញ្ជូនក្រុមគ្រូពេទ្យគុយបា ដែលមានភាពល្បីល្បាញនៅទូទាំងទ្វីបអាមេរិកឡាទីន មកជួយពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា អស់រយះពេលជាច្រេីនឆ្នាំ ដែល ជាផ្នែកមួយដ៏សំខាន់ ក្នុងការស្ថារសុខមាលភាពរបស់ប្រជាជនកម្ពុជាឡេីងវិញ​កាលនៅក្នុងដំណាក់​លំបាក​ខ្វះខាតនោះ៕

ប្រភព៖ ទទក

អត្ថបទថ្មី
;