ទិញឧបករណ៍តេស្តរហ័ស​ពីក្រសួង ហើយយកទៅលក់បន្ត ប្រយ័ត្នស៊យធំ

  • 2021-07-22 01:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ប្រកាសថា កន្លងមក​ក្រសួង​បានចាត់វិធានការ​ជាបន្តបន្ទាប់​ចំពោះ​ជនឆ្លៀតឱកាស ដែលបាន​យកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ទៅធ្វើ​អាជីវកម្មបន្ត ដែល​ខុសពីគោលការណ៍​កំណត់​ថា ឧបករណ៍​នេះ​អាច​ទិញ​បានតែក្នុងគោលដៅ​ប្រើប្រាស់ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ជាក់ស្តែង​ក្រសួង​បានកំណត់​មុខសញ្ញាជនឆ្លៀតឱកាស​ទាំងនោះ ហើយ​ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ១៩។

បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។ ក្នុងករណី មានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះយកទៅលក់បន្ត សូមរាយការណ៍មកលេខ ០១៧ ៨៤៨ ១០៨ ឬ ០៦៧ ៨១៨ ៧៨២ ឬ០៧៧ ៨៦៧ ៩៥៧ ដើម្បីចូលរួមចំណែកទប់ស្កាត់ជនឆ្លៀតឱកាស និងចាត់វិធានការទាន់ពេលវេលា៕

អត្ថបទថ្មី
;