​ក្រសួង​គ្រោង​បំពាក់​កាមេរ៉ាចាប់ល្បឿន នៅផ្លូវជាតិលេខ៥ បន្ទាប់ពីផ្លូវជាតិលេខ៣

  • 2021-07-22 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា នៅតាម​ដងផ្លូវជាតិ​លេខ៣ ចាប់ពី​ចោមចៅ ដល់​កំពត ក្រុមការងារ​នឹងបំពាក់ប្រព័ន្ធ​កាមេរ៉ាចាប់ល្បឿន ១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សាបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៧ ស្គន់ទៅកំពង់ចាម ព្រមទាំងពិនិត្យលទ្ធភាពស្នើសុំ JICA បំពាក់កាមេរ៉ានេះលើផ្លូវជាតិលេខ៥ផងដែរ។

ការថ្លែង​ខាងលើ​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំមួយ​តាមប្រព័ន្ធវីដេអូ អំពី​រាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២១។

លោកទេសរដ្ឋមន្រ្តី ក៏បានរាយការណ៍ជូន អំពីបញ្ហាបាតុភាពតវ៉ាពីម្ចាស់យានយន្តធុនធ្ងន់ ដែលស្នើសុំបន្ថែមទម្ងន់ផ្ទុកមួយចំនួនខុសពីបទបញ្ញាត្តិច្បាប់ និងដំណោះស្រាយដោយផ្អែកលើផ្លូវច្បាប់ ព្រមទាំងការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដល់ទីតាំងម្ចាស់អាជីវកម្មដឹកជញ្ជូនធុនធ្ងន់ដូចជា អាជីវកម្មខ្សាច់ ថ្ម ដី និងរោងចក្រផលិតស៊ីម៉ង់ជាដើម។

សម្តេចក្រឡាហោម បានកោតសរសើរលើការរៀបចំប្រព័ន្ធកាមេរ៉ាចាប់ល្បឿន និងគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបញ្ហាបាតុភាពខាងលើ ដោយអនុវត្តតាមច្បាប់ និងមិនមានការលើកលែងខុសពីច្បាប់ឡើយ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;