ជាមោទនភាព ដែល​កម្ពុជា​បានរកឃើញ​សត្វកម្រប្រភេទជ្រូកពោន ឬជ្រូកព្រុល

  • 2021-07-23 02:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទនភាពរបស់កម្ពុជានិងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។

លោក​បានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។

សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ត​ថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោកនិងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោនក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។ ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថាខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោនឬជ្រូកព្រុលមួយក្បាល។ វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេលហើយក៏បានដោះអន្ទាក់ចេញដើម្បីឱ្យវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះមិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ។ សត្វព្រៃនេះពិតជាមានសំណាង។

កាលពីខែមុន មន្ត្រីឧទ្យានុរក្សបានធ្វើការដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វប្រភេទនេះងាយនឹងរងគ្រោះខ្លាំងណាស់ ហើយវាក៏បានទទួលរងការគំរាមកំហែងដោយការបរបាញ់ផងដែរ ជាពិសេសគឺអន្ទាក់ដែលអាចចាប់គ្រប់ប្រភេទទាំងអស់ដែលបានឆ្លងកាត់៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;