វីដេអូដ៏កម្រឃើញ ពីវត្តមានសត្វត្រយងយក្សក្នុងតំបន់ព្រៃទេសភាពភាគខាងកើត

  • 2021-07-28 04:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការ WWF មានក្តីរំភើបយ៉ាងខ្លាំងដោយកាលពីពីរសប្តាហ៍មុនពួកគេបានប្រទះឃើញសត្វត្រយងយក្សចំនួនបួនក្បាល ក្នុងនោះមានកូនសត្វត្រយងយក្សមួយក្បាលផងដែរ កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

ដោយមានការអត់ធ្មត់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវបានផ្តិតយករូបភាពវីដេអូជាភ័ស្តុតាងដើម្បីបង្ហាញវត្តមានរបស់សត្វបក្សីដ៏អស្ចារ្យមួយប្រភេទនេះ ខណៈពេលនេះជាពាក់កណ្តាលនៃរដូវកាលពងកូនរបស់ពួកវាក្នុងឆ្នាំនេះ។ សត្វត្រយងយក្សជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត។ ខណៈដែលកិច្ចខិតខំការពារនិងអភិរក្សកំពុងបន្តប្រព្រឹត្តទៅនៅក្នុងតំបន់ការពារ ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាចំនួនវាតែប្រាំក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០២០ នៅក្នុងតំបន់ទីជម្រកធម្មជាតិមួយនេះ។

សម្រាប់ការតាមដានស្ថានភាពសត្វបក្សីនាពេលបច្ចុប្បន្ននេះដែរ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏បានកត់ត្រាទុកនូវវត្តមានសត្វត្រយងយក្សចំនួនបីក្បាលផ្សេងទៀតព្រមទាំងសំបុករបស់ពួកវាមួយចំនួននៅទីតាំងទីជម្រកស្ថិតក្បែរដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ លទ្ធផលនៃការតាមដានសត្វបក្សីនេះនឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួន បក្សីតំណាងជាតិកម្ពុជាមួយប្រភេទនេះនៅទូទាំងប្រទេស។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;