Zhao Li Ying កំពុង​ភ័យ​ព្រួយ​ព្រោះ​រឿង​អាស្រូវ Wu Yifan ដោយសារ​រឿង​តម្លៃ​ខ្លួន​ខ្ពស់​ពេក

  • 2021-07-29 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​អតីត​កាល កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying និង​តារា​សម្ដែង​ប្រុស Wu Yifan ធ្លាប់​ចូល​រួម​ក្នុង​កម្មវិធី​មួយ​រួម​គ្នា ដែល​កំពុង​ត្រូវ​គេ​ជីកកកាយ​ឡើង​វិញ។

ទោះ​បី​ជា​​រឿង​អាស្រូវ​​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ច្រើន​នាក់​របស់​តារា​សម្ដែង​ប្រុស​ចិន​ល្បី​ឈ្មោះ Wu Yifan បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​អ្នក​ដែល​ពាក់ព័​ន្ធ​ក្នុង​រឿង​នេះ​មិន​មាន​ភាព​ស្រក​ចុះ​សោះ មាន​តែ​កើន​ឡើង​បន្ថែម​ទៀត​។ ជាក់​ស្ដែង សិល្បករ​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ថ្មី​បំផុត គឺ​តារា​សម្ដែង​ស្រី​លំដាប់ A Zhao Li Ying។

តាម​នោះដែរ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​ថា ពេល​នេះ​ អ្នក​ម្ដាយ​កូន​១​កំពុង​តែ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដោយ​សារ​តែ​ធ្លាប់​ចូល​រួម​ក្នុង​កម្មវិធី​មួយ​ជា​មួយ Wu Yifan ដែល​កម្មវិធី​មាន​ឈ្មោះ​ថា 72 Floors of Mystery។ ជាក់​ស្ដែង រឿង​ដែល​ត្រូវ​គេ​គាស់​កកាយ​ឡើង​នេះ គឺ​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​របស់​តារា​ក្នុង​កម្មវីធី ព្រោះ​មាន​បុគ្គល​បាន​ទម្លាយ​ថា នៅ​ក្នុង​កម្មវិធី​នេះ Wu Yifan ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​១២​លាន​ដុល្លារ។

យ៉ាងណាក្ដី មិន​យូរ​ប៉ុន្មាន​ ផលិតករ​ផ្ទាល់​​បាន​ចេញ​មក​ប្រាប់​ថា តាម​ការ​ពិត​តម្លៃ​ខ្លួន​របស់​ប្រុស​ស្អាត​វ័យ​៣១​ឆ្នាំ ការ​ពិត​គឺ ១០០​លាន​យាន់ (១៥.៣ លាន​ដុល្លារ)។ គ្រាន់​តែ​តួរលេខ​នេះ​ត្រូវ​បាន​បញ្ចេញ​ភ្លាម​ ទស្សនិកជន​ជា​ច្រើន​បាន​ខឹង​សម្បារ​ជា​ខ្លាំង ព្រោះ​ទឹក​លុយ​ខាង​លើ​គឺ​ផ្ទុយ​នឹង​បម្រាម​របស់​រដ្ឋ​ចិន ដែល​ហាម​​មិន​អោយ​មាន​តម្លៃខ្លួន​របស់​សិល្បករ​ខ្ពស់​ពេក​នោះ​ឡើយ។ តាម​នោះ​ដែរ ដើម្បី​ទទួល​បាន​ចំនួន​ទឹក​លុយ​នេះ ក្រុមការងារ​របស់ Wu Yifan បាន​បន្លំ​កុងត្រា និង​គេច​ពន្ធ​ច្បាស់​ខ្លាំង​ណាស់ គឺ​ដូច​តារា​សម្ដែង​ស្រី Fan Bingbing ដែល​ធ្លាប់​ត្រូវ​គេ​ចាប់​បាន​កាល​ពី​ឆ្នាំ ២០១៨​ ដូច​គ្នា។

អាស្រ័យ​ហេតុ​នេះ​ហើយ នៅ​ពេល​នេះ អ្នក​នៅ​ក្នុង​ពិភព​សិល្បៈ​កំពុង​ឃ្លាំ​មើល​ តារា​សម្ដែង​ស្រី Zhao Li Ying វិញ ត្បិត​នៅ​ពេល​នោះ នាង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង Yifan ទៅ​ទៀត ដូច​នេះ​ហើយ គេ​រំពឹង​ថា តម្លៃ​ខ្លួន​របស់​នាង យ៉ាងហោច​ណាស់​ ក៏​ស្មើ ឬ​ខ្ពស់​ជាង​របស់​លោក​ដែរ។ ប្រសិន​ជា​បែប​នេះ​មែន នាង​អាច​នឹង​ពាក់ព័ន្ធ​ដល់​ការ​បន្លំ​កុងត្រា​ដើម្បី​គេច​ពន្ធ​ដូច​គ្នា។ Sina បាន​បន្ថែម​ថា Zhao Li Ying អាច​នឹង​ត្រូវ​មន្ត្រី​ពន្ធ​ស៊ើប​ដើម្បី​រក​ការពិត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;