​Christopher Columbus អ្នកផ្សងព្រេង​ឆ្លងសមុទ្រ​ដ៏ល្បីកាលពី​ ៥០០ឆ្នាំមុន ធ្លាប់​យករឿង​ចន្ទគ្រាស​ បោកប្រាស់គេ ដើម្បី​ស្រោចស្រង់​ជីវិត​ខ្លួន

  • 2021-08-09 08:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Christopher Columbus ដែល​ជាអ្នកធ្វើដំណើរ​ផ្សងព្រេង​ឆ្លងសមុទ្រ​រុករក​ដែនដីថ្មីៗ កាលពីជាង ៥០០ឆ្នាំមុន គឺ​ធ្លាប់​បាន​យករឿង​បាតុភូតចន្ទគ្រាស​ មកបោកបញ្ឆោត​គេ ដើម្បី​ទទួលបាន​អាហារ​ស្រោចស្រង់ជីវិត​របស់ខ្លួនឡើងវិញ។

នៅក្នុងខែកុម្ភៈ ឆ្នាំ​១៥០៤ លោក Columbus បាន​ជាប់គាំងនៅលើកោះមួយ ដែល​បច្ចុប្បន្ន​ជាប្រទេសចាម៉ៃកា ក្នុងតំបន់ការ៉ាប៊ីន (អាមេរិកកណ្តាល) ហើយពេលនោះ​អ្នករួមដំណើរ​ជាមួយលោក បាន​ចាកចេញ​ពីលោក ហើយប្រជាជន​នៅលើកោះ បដិសេធ​មិនព្រមផ្តល់ស្បៀងអាហារ​ឱ្យលោកឡើយ។

ស្ថានភាព​របស់​លោកពេលនោះ គឺកាន់តែយ៉ាប់យឺនខ្លាំង ប៉ុន្តែលោកស្រាប់​តែ​នឹកឃើញ​ដល់​ប្រតិទិនរបស់លោក​ ពោលគឺ​លោកបាន​ដឹងថា នៅថ្ងៃទី ២៩ កុម្ភៈ ១៥០៤ ខាងមុខ បាតុភូតចន្ទគ្រាស​នឹងកើតមានឡើង។

លោកបាន​ឆ្លៀតយករឿងនេះ មកបន្លាច​ប្រជាជន​នៅលើកោះថា ព្រះ​អាទិទេព​របស់លោក​ កើតក្តីខឹងសម្បារយ៉ាងខ្លាំង​ចំពោះ​ពួកគេ​ដែល​មិនព្រម​ផ្តល់ស្បៀងអាហារ​ឱ្យលោក ហើយ​ថាព្រះចន្ទ​នឹងរះឡើង​ពោរពេញ​ដោយកំហឹង។

ការគិត​របស់​លោក គឺមិនខុសទេ ពោលគឺ​នៅពេលយប់នោះ​មកដល់ ក៏មានបាតុភូត​ចន្ទគ្រាស​កើតឡើងពិតមែន ព្រះចន្ទ​បានងងឹត​ហើយ​ប្រែជាទៅក្រហម បង្កការភ័យខ្លាច​ដល់​អ្នករស់នៅលើកោះ។ ពួកគេ​មានជំនឿ​ទៅលើពាក្យសម្តី​របស់ Columbus ហើយ​យល់ព្រម​ផ្តល់ស្បៀងអាហារយ៉ាងច្រើនឱ្យលោក​ទៀតផង ដើម្បីសុំ​ឱ្យព្រះ​អាទិទេព​លើកលែងទោស៕

ប្រភព៖ History

អត្ថបទថ្មី
;