អ្នកវិទ្យាសាស្ត្រ ចិន រកឃើញវិធីថ្មីធ្វើឲ្យកញ្ចក់ឆ្លុះធម្មតា រឹងមាំជាង គ្រាប់ពេជ្រ

  • 2021-08-11 05:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​អ្នក​វិទ្យាសាស្រ្តជនជាតិ ចិន ​បាន​ចេញ​ផ្សាយនូវអត្ថបទស្នាដៃស្រាវជ្រាវមួយថ្មីដែលឲ្យឈ្មោះថា "Ultrahard, Ultrastrong, semiconducting" គឺជាសមិទ្ធិផលនៃការបង្កើតបានកញ្ចក់ប្រភេទថ្មីមួយទៀតដែលសារធាតុនៃកញ្ចក់នោះ រឹងជាងគ្រាប់ ពេជ្រ ។

​បើយោងតាមការពន្យល់បង្ហាញលម្អិត មុននឹងទទួលបានវា គេផ្សំឡើងដោយ សារធាតុកាបូនរឹង C60 និង AM ដដែលនេះទៅដុតក្នុងសីតុណ្ហភាពខ្ពស់បំផុតមួយដល់ទៅ ១០០០ អង្សារសេ។ គេដុតវាក្នុងកម្រិតបីប្រភេទផ្សេងគ្នាទទួលបាន កញ្ចក់រឹងបីប្រភេទដែរ។

រូបកញ្ចក់ប្រភេទថ្មី រឹងជាង ពេជ្រ
​ឧទាហរណ៍៖ ១០០០ អង្សារសេគេទទួលបានកញ្ចក់កម្រិត AM-I ប្រភេទទីពីរ ១១០០ អង្សារសេគេទទួលបានកញ្ចក់កម្រិត AM-II និង ១២០០ អង្សារសេគេទទួលបានកញ្ចក់កម្រិត AM-III ។​

​ដូចនេះ ជាលទ្ធផលគេទទួលបាន ដុំកញ្ចក់ពណ៌លឿងស្រាល កើតចេញពីសារធាតុផ្សំកាបូន មានកម្រិតរឹងមាំទីបីដល់ទៅ 113 Gpa (អានថា Gigapascals-ជីហ្គាផាស្កាល់) មានឈ្មោះតំណាងគឺ AM-III (កញ្ចក់)។

ជាទូទៅ ភាពរឹងរបស់ពេជ្រធម្មជាតិត្រឹមចន្លោះពី ៥០ ទៅ ៧០ GPa ប៉ុណ្ណោះ។ រីឯភាពរឹងរបស់ ពេជ្រសិប្បនិម្មិតឡើងដល់ ១០០ GPa ។ សរុបមកមានន័យថា ការរកឃើញប្រភេទកញ្ចក់ថ្មី AM-III នេះគឺមានភាពរឹងមាំ ជាងពេជ្រ ពិតមែន។

​បញ្ជាក់ផងដែរថា សមាសធាតុរឹងបំផុតក្នុងធម្មជាតិ ក្នុងតារាងចំណាត់ថ្នាក់មានតែ ពេជ្រប៉ុណ្ណោះ។ ម្យ៉ាងទៀត លទ្ធផលនៃការពិសោធន៍នេះនៅតែក្នុងមន្ទីរពិសោធន៍ មិនទាន់សម្រេចចេញជាផលិតផលអ្វីមួយនៅឡើយ។

រូបភាពបំណែក 1mm លើកញ្ចក់ថ្មី AM-III

​តាមគម្រោងអ្នកវិទ្យាសាស្រ្ត ចិន នឹងអាចច្នៃកញ្ចក់ Crystalនេះបំពាក់លើ កញ្ចក់ការពារគ្រាប់កាំភ្លើងកម្រិតខ្ពស់ ឬគ្រឿងអេឡិចត្រូនិចតម្លៃថ្លៃណាមួយ អាចជាស្មាតហ្វូន ឬឧបករណ៍ទំនាក់ទំនងជាដើម។

​យ៉ាងណាមិញ វាត្រូវចំណាយពេលសិក្សាច្រើនឆ្នាំទៅមុខទៀត និងចំណាយថវិកាច្រើនពាន់លានដុល្លារ ទើបអាចចេញជាផលិតផលពិតប្រាកដមួយបាន៕ ប្រភព៖ SMP

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;