សម្តេចតេជោ៖ មៀនរបស់ឧកញ៉ា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តី ត្រូវរកទីផ្សារដោយខ្លួនឯង
- 2021-08-19 01:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ៖ មៀនរបស់ឧកញ៉ា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តី ត្រូវរកទីផ្សារដោយខ្លួនឯង
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចតេជោ បានសរសេរនៅលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញយ៉ាងដូច្នេះថា៖
ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។
នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង៕